​អ្នកស្លាប់​កើនដល់ជាង៤០នាក់ ខណៈ៧០,០០០នាក់​​បាត់បង់ផ្ទះសម្បែង ដោយសារព្យុះហឺរីខិន Dorianនៅប្រទេសប៉ាហាម៉ាស់
ព័ត៌មានអន្តរជាតិ
570

 បរទេស៖ យោងតាមការចេញពីសារព័ត៌មានCNN នៅថ្ងៃទី០៨ ​​​​​​​ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ​ចំនួនមនុស្សស្លាប់នៅប្រទេសដីកោះប៉ាហាម៉ាស់ (Bahamas) ដែលស្ថិតនៅតំបន់សមុទ្រការីបៀន ដោយសារការវាយ​ប្រហារពីព្យុះហឺរីខិន Dorian នាពេលកន្លងទៅ បានកើនដល់៤៣នាក់ហើយ ខណៈតួលេខនេះត្រូវគេរំពឹងថា នឹងបន្តឡើងខ្ពស់ថែម​ទៀតព្រោះនៅមានអ្នកបាត់ខ្លួនជាច្រើន។​

គួរបញ្ជាក់ថា​ អាជ្ញាធរប៉ាហាម៉ាស់ បានឲ្យដឹងថា មនុស្សរហូតដល់រាប់រយនាក់អាចបាត់ខ្លួន នៅកោះ Grand Bahamas និងកោះ Abaco ដែល​បានទទួលរងការវាយប្រហារចំពេញទំហឹងពីព្យុះហឺរីខិនកំណាច Dorian។ នៅពេលបោកបក់ឆ្លងកាត់បាហាម៉ាស់ ព្យុះ Dorian មានកម្លាំងខ្យល់បក់លើសពី២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

បច្ចុប្បន្ន ព្យុះនេះកំពុងស្ថិតនៅលើផ្ទៃសមុទ្រភាគខាងកើត សហរដ្ឋអាមេរិក តែបានចុះថយថាមពលលែងជាព្យុះហឺរីខិនទៀតហើយ។

លើសពីនេះ ក្រៅពីផ្តាច់ជីវិតមនុស្ស ព្យុះ Dorian ក៏បានបំផ្លាញផ្ទះសម្បែងប្រជាជនបាហាម៉ាស់ប្រមាណ៧០,០០០នាក់ផងដែរ ដែលនាពេលនេះកំពុងតែស្វែងរកទីជ្រកកោនបណ្តោះអាសន្ន ព្រមទាំងស្បៀងអាហារ។

យ៉ាងណាមិញ សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយ​ចំនួនជិត៣លានដុល្លារដល់បាហាម៉ាស់ សម្រាប់ការរងគ្រោះដោយសារព្យុះហឺរីខិន Dorian៕