អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់អឺរ៉ុប ដើម្បីចូលរួមសមយុទ្ធអង្គការ NATO
ព័ត៌មានអន្តរជាតិ
903

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Sputnik នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ​ក្រសួងការពារជាតិអាមេរិកបាន ប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកធុន B-52 Stratofortress មួយគ្រឿង បាន ធ្វើដំណើរទៅដល់ចក្រភពអង់គ្លេស ដើម្បីចូលរួមសមយុទ្ធរបស់អង្គការ NATO។​

គួរជម្រាបថា បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាមេរិក យន្តហោះទម្លាក់គ្រាប់បែកខាងលើ បានទៅដល់មូលដ្ឋានទ័ពអាកាស Fairford របស់ចក្រភពអង់គ្លេស ដើម្បីចូលរួមសមយុទ្ធ Cobra Warrior ដែលត្រូវប្រព្រឹត្តទៅនៅទីនោះ ព្រមទាំងសមយុទ្ធ Ample Strike និងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ NATO Days ដែលនឹងរៀបចំ ឡើងនៅប្រទេសឆែក។

គួរបញ្ជាក់ថា ​កន្លងទៅ កាលពីចុងខែសីហា សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក-បំបាំងកាយ B-2 Spirit ចំនួន៣គ្រឿង ទៅកាន់មូលដ្ឋានយោធា Fairford ផងដែរ។ ចំណែក កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹងពីការទៅដល់នៃយន្តហោះដឹកសាំង KC-135 Stratotanker មួយគ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស Pardubice នៅប្រទេសឆែក៕

ប្រភព៖ Sputnik