ក្រោយមានព័ត៌មានបំពុលថា កម្ពុជា-ឡាវ កំពុងតានតឹងដាក់គ្នាស្ទើរតែផ្ទុះអាវុធ , សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹងនោះទេ
ព័ត៌មាន
1.55K

ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ឬមានអ្វីធ្ងន់ធ្ងរនោះឡើយ ពោលគឺកំពុងចរចារគ្នារកដំណោះស្រាយ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បែបនេះ ក្រោយមានព័ត៌មានមួយចំនួន ចុះផ្សាយបំពុលសង្គមថា ស្ថានភាពកម្ពុជា-ឡាវ កំពុងតានតឹងដាក់គ្នាស្ទើតែផ្ទុះអាវុធ ពេលដែលកងទ័ពឡាវ និងកម្ពុជា មានវត្តមាននៅព្រំដែនត្រង់ចំណុចព្រំដែនទន្លេល្ពៅ ខេត្តព្រះវិហារ។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា បញ្ហានេះ កើតឡើង ដោយតែតំបន់នោះជាតំបន់មិនទាន់បោះបង្គោលព្រំដែនដាច់ស្រេចនៅឡើយ ហើយប្រជាជនខ្មែរបានឃើញដីនោះទំនេរក៏ទៅបង្កបង្កើនផលទីនោះ ើបកងទ័ពឡាវបានមកដកដំណាំរបស់ពួកគាត់ ជាហេតុធ្វើឲ្យប្រជាជនបានរាយការណ៍ដល់កងកម្លាំងយោធារបស់កម្ពុជា ។

សម្តេចបានបន្ថែមថា ភាគីទាំងពីរ កម្ពុជា-ឡាវ តាំងពីដំបូង គឺបានបញ្ជាដាច់ខាត គឺមិនឱ្យមានការប៉ះទង្គិចគ្នានោះទេ ដោយត្រូវឈរទៅលើការជជែកដោះស្រាយដោយសន្តិវិធី ហើយសម្តេចក៏សង្ឃឹមថា រឿងនេះនឹងបានដោះស្រាយចប់ឆាប់ៗនេះផងដែរ ៕