គួរឲ្យរន្ធត់ណាស់! រថយន្តធុនធំ បើកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់
ព័ត៌មាន
871

កណ្តាល៖ រថយន្ត FUSO បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិច ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រភពបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7099 អ្នកបើករថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត បានបុកម៉ូតូពីក្រោយ ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-0554 (មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ឡុច ស្រីមន ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់ពេលរថយន្តស៊ីរ៉ែន របស់អធិការដ្ឋានក្រុងតាខ្មៅ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ) និងអ្នករួមដំណើរ ពីក្រោយឈ្មោះ ឃុន ចាន់ណា ភេទស្រី អាយុ ៣៧ឆ្នាំ នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ (រងរបួសធ្ងន់ ត្រូវបានរថយន្តស៊ីរ៉ែន របស់អធិការក្រុងតាខ្មៅដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យជ័យជម្នះ) ម៉ូតូធ្វើដំណើរស្របទិសគ្នា។

ក្រោយកើតហេតុ វត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី។ មូលហេតុ៖ មកពីអ្នកបើកបរ រថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន៕