ចាប់ខ្លួនជនជាតិចិន៥នាក់ តាមដីកាប៉ូលិសចិន ក្នុងអគារខុនដូ អ៊ិនហ្វីនីធី២៨
ព័ត៌មាន
963

ភ្នំពេញ៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចចុះធ្វើការចាប់ខ្លួនតាមដីកា ពាក់ព័ន្ធករណី បទល្មើសល្បែងពាណិជ្ជកម្ម ដកហូតបានវត្ថុតាងមួយចំនួនធំ​។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះ មានការចូលរួមពី កម្លាំងនគរបាលប៉ុស្តិ៍ជ្រោយចង្វារ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម ដឹកនាំដោយលោកឧត្តមសេនីយត្រី ពៅ សំអុន អនុនាយកដ្ឋាន ដោយមានការចូលរួមសម្របសម្រួលដោយព្រះរាជអាជ្ញា ខាំ សុផារី ផងដែរ។

ក្នុងនោះសមត្ថកិច្ចបានចុះឆែកឆេរ បន្ទប់លេខ ១២០១, ១២០២, ១២០៣, ១២០៣A និងបន្ទប់លេខ ៨០១ អគារខុនដូអ៊ិនហ្វីនីធី២៨ ជាមុខសញ្ញា ដែលមានដីកាចាប់ខ្លួនរបស់នគរបាលចិន ដោយឃាត់ខ្លួនបាន៥នាក់ ក្នុងនោះមានស្រីម្នាក់ ដកហូតបាន ទូរស័ព្ទដៃ ៨៨គ្រឿង , កាតធនាគារ ២៤កាត់, លិខិតឆ្លងដែន ៣៣ច្បាប់ , អត្តសញ្ញាណប័ណ្ណ ០៩សន្លឹក និងកំព្យូទ័រ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង បានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕