ពុទ្ធោសាហាវម្ល៉េះ! ដាក់ថ្នាំពុលក្នុងអាហារ ស្លាប់មួយគ្រួសារនៅខេត្តព្រះសីហនុ !!!
ព័ត៌មាន
6.22K

ព្រះសីហនុ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានឪពុកនិងកូនស្រី បានស្លាប់នៅក្នុងផ្ទះយ៉ាងរន្ធត់ ចំណែកម្តាយស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយហូបអាហារដែលមានថ្នាំពុល ។

ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមាន ទី១ឈ្មោះ ខេង អាយុ៤៣ឆ្នាំ មុខរបរមេការជាងកញ្ចក់ ត្រូវជាប្តី (ស្លាប់), ទី២ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (ស្លាប់) និងទី៣ឈ្មោះ ម៉ឹង សុផល អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់ (ប្រពន្ធ) ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់២ ទទួលបានព័ត៌មានថា នៅចំណុចផ្សារពាណិជ្ជកម្ម មានមនុស្សដេកស្លាប់ក្នុងផ្ទះដែលមានចាក់សោរជាប់ខាងក្នុង ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បានកាត់សោរចូលទៅក្នុងផ្ទះ ឃើញមនុស្ស២នាក់ ជាឪពុកនិងកូនស្រី ដេកស្លាប់ក្នុងបន្ទប់ ។ ចំណែកម្តាយនៅមានដង្ហើម ក៏បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត តែអកុសល្យក៏បានស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុទៅលើសាកសពបានឲ្យដឹងថា តាមការសន្និដ្ឋានបឋម ករណីនេះ អាចជាករណីធ្វើអត្តឃាត ដាក់ថ្នាំពុលក្នុងអាហារ ព្រោះក្រុមគ្រួសារនេះ រស់នៅមិនចុះសម្រុងនឹងគ្នាឡើយ ដោយសារទី១៖ មានជាតិថ្នាំក្នុងអាហារ ដែលជនរងគ្រោះទទួលទាន ទី២ ផ្ទះចាក់សោខាងក្នុង និងទី ប្ដីប្រពន្ធនេះតែងតែឈ្លោះគ្នា ។

ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕