Update៖ ពុទ្ធោព្រះអើយ!​ ឪពុកឌុបកូនស្រី ទៅមើលមណ្ឌលនិងផ្ទះសំណាក់នៅក្រុងតាខ្មៅត្រៀមប្រឡងបាក់ឌុបថ្ងៃស្អែក តែអកុសលត្រូវរថយន្ដដឹកឥដ្ឋបុកពីក្រោយបណ្ដាលឱ្យកូនស្រីស្លាប់ យ៉ាងអាណោចអាធ័ម (មានវិដេអូ)
ព័ត៌មាន
7.28K

ភ្នំពេញ៖ ឪពុកឌុបកូនទៅមើលឈ្មោះត្រៀមប្រឡងបាក់ឌុប តែអកុសលត្រូវរថយន្ដបុកពីក្រោយបណ្ដាលឱ្យកូនស្រីស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង ១២និង១០នាទីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវជាតិលេខ ៦អាកែងនឹងផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

តាមការរៀបរាប់របស់ឪពុកឈ្មោះអ៊ុយ ឃុន ភេទប្រុស អាយុ ៦០ ឆ្នាំមុខរបរអាជីវក បានឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ អ៊ុយ លីលី ភេទស្រីអាយុ១៨ ឆ្នាំ មុខរបរសិស្ស អាស័យដ្ឋានបច្ចុប្បន្នភូមិរកាកោង២ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ស្នាក់នៅជាមួយគ្នា ។ 

ឪពុកបានបន្តទៀតថា គាត់បានដឹកកូនស្រីរបស់គាត់ពីផ្ទះនៅស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីទៅមើលឈ្មោះប្រឡង និងទៅស្នាក់នៅផ្ទះសំណាក់ ជិតមណ្ឌលប្រឡងបាក់ឌុប នៅក្រុងតាខ្មៅ នាព្រឹកស្អែក ស្រាប់តែធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ជួបអកុសលគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តដឹកឥដ្ឋ មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យកូនស្រីរបស់គាត់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មបំផុត ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ជើងគោកដើម្បីមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ រីឯសាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕