ទីតាំងរក្សាទុក និងចែកចាយនូវផលិតផលគ្រឿសបន្លាស់បូមរថយន្តក្លែងក្លាយម៉ាកKYB ដោយក្លែងបន្លំម៉ាករបស់ម្ចាស់ក្រុមហ៊ុនដើមនៅប្រទេសជប៉ុន ចំនួន០២ទីតាំងក្នុងខណ្ឌសែនសុខ ត្រូវបានកម្លាំងសមត្ថកិច្ច​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបិទហើយ...
ព័ត៌មាន
1.25K

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ​ លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋាន​ នៃ​ គ.ប.ផ.ក​ ជាប្រធានក្រុមប្រតិបត្តិការបង្រ្កាបបទល្មើសផលិតផលក្លែងក្លាយតាមអនឡាញ (Online )​ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ដោយមានការសម្របសម្រួលពី​ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ បានចុះត្រួតពិនិត្យ​ ឆែកឆេរ ដកហូតវត្ថុតាង និងបិទទីតាំងស្តុកទុក និងចែកចាយនូវផលិតផលគ្រឿសបន្លាស់បូមរថយន្តក្លែងក្លាយម៉ាកKYB ចំនួន០២ទីតាំងក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ការចុះបង្រ្កាបទីតាំងខាងលើនេះត្រូវបានធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដើម និងជាម្ចាស់ម៉ាក KYB នៅប្រទេសជប៉ុន។

ក្រោយពីការត្រួតពិនិត្យ​ជាលទ្ធផល​ ស​មត្ថកិច្ចចម្រុះ​ បានរកឃើញវត្ថុតាងរួមមាន គ្រឿងបន្លាស់បូមរថយន្តម៉ាកKYBក្លែងក្លាយចំនួន ២៣១ ដើម (ក្លែងម៉ាកសញ្ញា) និងបូមរថយន្ដគ្មានម៉ាកសញ្ញា ដែលសង្ស័យថាក្លែងក្លាយចំនួនជាង ៧០០ ដើមទៀត។ គួរបញ្ជាក់ថា ផ្អែកលើការបកស្រាយ​ របស់អ្នកជំនាញពីក្រុមហ៊ុនដើម ផលិតផលបូមរថយន្ដក្លែងក្លាយដែលគ្មានគុណភាពនឹងបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពអ្នកប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច​ គ.ប.ផ.ក​ កោះហៅមកបំភ្លឺ នៅក្រសួងមហាផ្ទៃ​ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងស្រាវជ្រាវស៊េីបអង្កេតបន្ត៕