កាន់តែក្តៅ! ចិនព្រមានម្តងហើយម្តងទៀត ដល់​អាមេរិក«​កុំ​ឲ្យ​ចូលជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង»បន្ទាប់ពីលោក Trump បានអះអាងថាចិនបានចល័តកងទ័ពទៅព្រំដែន!!
ព័ត៌មានអន្តរជាតិ
882

បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Sputnik​ នៅល្ងាចថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃអង្គារម្សិលមិញនេះថា លោកធ្វើការកត់សម្គាល់​ថា ប្រទេសចិនកំពុងដាក់ពង្រាយកងទ័ពនៅតាមព្រំដែនហុងកុង។ ខណៈដែល ទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក«កុំ​ឲ្យ​មានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន»។

​គួរបញ្ជាក់ថា ក្រសួងការបរទេសចិន បានបញ្ជាក់ថា ទីក្រុងហុងកុង ដែលជាតំបន់ពាក់កណ្តាលស្វយ័ត នៅភាគខាងត្បូងប្រទេសចិន ស្ថិតនៅក្នុងដែនដីនៃកិច្ចការក្នុងស្រុករបស់ខ្លួន។ ក្រសួងការបរទេសក៏បានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់«ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង»។

ការព្រមានខាងលើនេះ គឺ​ឆ្លើយតបទៅនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា កងទ័ពចិនបាននិងកំពុងចល័ត​ទៅកាន់តំបន់ជិតព្រំដែន​ហុងកុង។

លើសពីនេះ ក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារបានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទញុះញង់ឲ្យមានភាពវឹកវរ បន្ទាប់ពីសមាជិកសភាអាមេរិកមួយចំនួនរួមទាំងប្រធានសភាលោកស្រី Nancy Pelosi និងមេដឹកនាំភាគច្រើននៃព្រឹទ្ធសភា លោក Mitch McConnell បានថ្កោលទោសនូវអ្វីដែលគេហៅថាការបង្ក្រាបដោយហិង្សាទៅលើក្រុមអ្នកតវ៉ាហុងកុង។

គួរជម្រាបថា លោកស្រី ហួ ឈុនយីង(Hua Chunying) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិកបានបដិសេធការមិនចូលរួមរបស់ខ្លួននៅក្នុងឧប្បត្តិហេតុអំពើហិង្សាដែលកំពុងកើតមាននៅក្នុងទីក្រុងហុងកុង​​៕

មិនតែប៉ុណ្ណោះ កាលពីសប្តាហ៍មុនប្រទេសចិនក៏បានជំរុញ​ឲ្យ​ចក្រភពអង់គ្លេសបញ្ឈប់«ការជ្រៀតជ្រែក​និង​បង្កបញ្ហា»​ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអង់គ្លេស Dominic Raab បានទូរស័ព្ទទៅលោកស្រី Carrie Lam នាយកប្រតិបត្តិហុងកុង ដើម្បីសំដែងការព្រួយបារម្ភអំពីការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដែលបានធ្វើឲ្យរង្គោះរង្គើទីក្រុង​៕

ប្រភព៖ Sputnik