Zidaneបង្ហើប​ថា«Neymar​នៅតែអាច​ផ្លាស់ពីPSGមកReal Madrid នៅរដូវក្តៅនេះ»!!

លោកZinedine Zidane អ្នកចាត់ការក្រុម Real Madrid បានបង្ហើបប្រាប់ថា Neymar នៅតែអាចផ្លាស់ប្តូរពី Paris Saint-Germain មកReal Madrid នៅរដូវក្តៅនេះ។

គួរជម្រាបថា Neymar កំពុងស្វែងរកផ្លូវចាកចេញពីទីក្រុងប៉ារីស បន្ទាប់ពីការបរាជ័យក្នុងក្របខ័ណ្ឌ Champions League ជាបន្តបន្ទាប់ ចាប់តាំងពីការផ្លាស់ប្តូរកំណត់ត្រាពិភពលោករបស់គេ ដែលមានតម្លៃខ្លួន​១៩៨​លានផោន ពីក្លឹប​Barcelona កាលពី​២​ឆ្នាំមុន​។

យ៉ាងណាមិញ ថ្លែងបន្ទាប់ពីការប្រកួតមិត្តភាពមុនបើករដូវកាលចុងក្រោយរបស់ Real Madrid ទល់នឹងក្រុម Roma កាលពីថ្ងៃអាទិត្យ លោក Zidane បានស្នើថា ការផ្លាស់ប្តូរសម្រាប់​Neymar គឺអាចធ្វើទៅបាន។

មិនតែប៉ុណ្ណោះ គ្រូបង្វឹកវ័យ​៤៧​ឆ្នាំរូបនេះ បាននិយាយថា«Neymar មិនមែន(នៅក្នុងក្រុមរបស់យើង)ទេ ប៉ុន្តែរហូតដល់ថ្ងៃទី​២ ខែកញ្ញាអ្វីៗ​អាចនឹងកើតឡើង​។ យើងស្ថិតនៅក្នុងក្រុមដែលយើងមាន ហើយយើងកំពុងតែគិតអំពីរឿងនេះ»។

គួររម្លឹកថា Real Madrid បានធ្វើការទិញ​កីឡាករនៅដើមរដូវក្តៅ ដូចជា Eden Hazard, Luka Jovic, Ferland Mendy, Eder Militao និង Rodrygo​។

ប៉ុន្តែការផ្លាស់ប្តូរទៅកាន់ Real កំពុងត្រូវបានគេមើលឃើញថា ទំនងជា​មានជាពិសេស បន្ទាប់ពីអ្នកគាំទ្រ​PSG បានបង្ហាញការមិនពេញចិត្តរបស់ពួកគេជាមួយ Neymar ។

គួរបញ្ជាក់ថា អ្នកគាំទ្រPSGមួយចំនួន បានបង្ហាញផ្ទាំងបដាមួយដែលសរសេរថា«Neymar ចាកចេញ» នៅក្នុងជំហរនៅឯ Parc des Princes ក្នុងកំឡុងពេលប្រកួតរបស់ PSG ទល់នឹង Nimes កាលពីចុងសប្តាហ៍មុន៕

ប្រភព៖ Dailymail