អោយតែម្លឹងៗ ចប់ហើយ! មន្ត្រីសាខាកាំកុងត្រូល រកឃើញសាច់ក្រកសាច់គោ ត្រីប្រឡាក់ ងៀតបបែល ងៀតអន្ទង់ មានផ្ទុកសារធាតុគីមី
ព័ត៌មាន
633

ស្វាយរៀង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារវាលយន្ត ទីរួមខេត្តខេត្តស្វាយរៀង។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើម្ហូបអារហាចំនួន ៣៥ គំរូ ហើយបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមីហាមឃាត់ មួយចំនួនដូចជា៖

-សាច់ក្រកសាច់គោចំនួន ៣គីឡូក្រាម

-ងៀតអន្ទង់ចំនួន ២.៥០គីឡូក្រាម

-ត្រីប្រឡាក់ ២.៥០គីឡូក្រាម

-ងៀតបបែល មានសាធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ០.៥០គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុក ដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕