ស្ត្រីម្នាក់ ត្រូវដើមចន្ទគីរីរលំសង្កត់ពីលើ​ បណ្តាលឲ្យរងរបួសបាក់ភ្លៅ ខណៈកំពុងជិះម៉ូតូចេញពីផ្ទះទៅធ្វើការសំណង់
ព័ត៌មាន
808

ស្វាយរៀង៖ ស្ត្រីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវដើមចន្ទគីរីរលំសង្កត់ពីលើ​ បណ្តាលឲ្យរងរបួស់បាក់ភ្លៅ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ និង ៥០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ លើផ្លូវបែកជាបួនទាល់មុខក្លោងទ្វារវត្តសន្តិភាពហៅខ្លាហើរ ស្ថិតក្នុងភូមិ ស្វាយរៀង សង្កាត់/ក្រុងស្វាយរៀង ។

ស្ត្រីរងគ្រោះឈ្មោះ គយ រុំ អាយុ ៥៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមសម្ដីស្ត្រីរងគ្រោះ បានឲ្យដឹង៖ នៅមុនពេលកើតហេតុ គាត់ និងប្អូនស្រីបង្កើត បានជិះម៉ូតូចេញពីផ្ទះ ទៅធ្វើការសំណង់ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានដើមចន្ទគីរីបាក់រលំសង្កត់ពីលើ បណ្តាលឲ្យបាក់ភ្លៅតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង៕