ព្យុះទីហ្វុង«Lekima»វាយប្រហារប្រទេសចិន៖ ស្លាប់មនុស្សជិត៥០នាក់ និងបាត់ខ្លួនជាង២០នាក់ ខណៈដែល១២,៨​លាននាក់​រងផលប៉ះពាល់(វីដេអូ)
ព័ត៌មានអន្តរជាតិ
442

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Sputnik នៅថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងគ្រប់គ្រងគ្រោះអាសន្ន បាននិយាយថា ប្រជាជនជាង​១២,៨ លាននាក់ ត្រូវបានគេរាយការណ៍ថា បានរងគ្រោះដោយសារព្យុះទីហ្វុងឈ្មោះ«Lekima» បន្ទាប់ពីព្យុះនេះបានវាយប្រហារប្រទេសចិនកាលពីចុងសប្តាហ៍។

គួរបញ្ជាក់ថា ក្រសួងបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះ​ថា ប្រជាជនប្រមាណ​២លាននាក់ នៅទូទាំងខេត្តចឺជាំង,ជាំងស៊ូ,សានដុង,អានហួ,ហ៊្វូ​ជាន,ហឺ​ប៉ី,លីវ​នីង,ជីលីន ក៏ដូចជាទីក្រុងសៀងហៃត្រូវបានជម្លៀសចេញ។

សូមជម្រាបថា ព្យុះទីហ្វុងបានវាយប្រហារប្រទេសចិននៅព្រឹកព្រលឹមថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដោយនាំមកនូវខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំងនិងជន់លិចដល់តំបន់ភាគអាគ្នេយ៍នៃប្រទេស។ ហើយបានផ្តាច់ជីវិតមនុស្សជិត ៥០នាក់ ខណៈជាង២០នាក់ទៀតបានបាត់ខ្លួន ហើយវាបង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរផងដែរ ដែលបានធ្វើឲ្យលំនៅឋាន ១៣,០០០ខ្នងដួលរលំទាំងស្រុង និងប្រមាណ ១១៩,០០០ខ្នងទៀត​ត្រឹមរងការបំផ្លិចបំផ្លាញ​។

​ក្នុងនោះទីភ្នាក់ងារ​ឧតុនិយមរបស់ប្រទេសចិន បានប្រកាសពីកំរិតប្រកាសអាសន្នក្រហមចំពោះព្យុះនេះផងដែរ៕

ប្រភព៖ Sputnik