Neymar ទម្លាយ​ពីអាកប្បកិ​រិយា​​អ្នកគាំទ្រធ្វើដាក់ខ្លួន ​ជាហេតុ​ធ្វើឲ្យរូបគេ​ចង់​​​ចាកចេញពីPSG​​

ក្នុងពេលនិយាយអំពីការផ្លាស់ប្តូរមួយទៅកាន់ក្របខណ្ឌ La Liga ដែលខិតជិតមកដល់នេះ តារាឆ្នើមរបស់ក្រុម Paris Saint Germain កីឡាករ Neymar បានពន្យល់ពីអាកប្បកិរិយាមិនល្អរបស់អ្នកគាំទ្រ PSG ដែលធ្វើមកគេ នឹងជាមូលហេតុចម្បងដែលបង្ខំឱ្យឈានដល់ធ្វើការសម្រេចចិត្តចុងក្រោយរបស់គេ ដើម្បីចាកចេញពីក្លឹបបារាំងមួយនេះ ។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារ៍កន្លងទៅ ក្រុមការងារមកពីក្លឹប Barca ត្រូវបានគេប្រទះឃើញនៅទីក្រុងប៉ារីស ក្នុងគោលបំណងដើម្បីបិទបញ្ចប់ការចុះហត្ថលេខាលើកីឡាករ​ប្រេស៊ីលរូបនេះ មុនពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះបិទ ខណ:ដែលក្រុមគូប្រជែងដ៏សំខាន់របស់ក្លឹប Barca ក្រុម Real Madrid ក៏បង្ហាញការចាប់អារម្មណ៍ខ្លាំងលើ Neymar​ផងដែរ​។

​ប៉ុន្តែបើយោងតាមសារព័ត៌មាន L ‘Equipe បានរាយការណ៍ថា Neymar នៅតែមានលទ្ធភាពនៅក្នុងការស្នាក់នៅក្រុម PSG ប្រសិនបើក្លឹបមិនអាចឈានដល់កិច្ចព្រមព្រៀងហិរញ្ញវត្ថុណាមួយជាមួយ Barca ឬ Real Madrid។

តែទោះជាយ៉ាងយោងទៅតាមអ្នកតំណាងរបស់ Neymar បាននិយាយថាអ្វីៗដែលបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅបានបង្ខំឱ្យខ្សែប្រយុទ្ធរូបនេះសម្រេចចិត្តថានឹងត្រូវតែផ្លាស់ចេញពីក្លឹប​។

គួរបញ្ជាក់ថា Neymar​មិនបានមានវត្តមាននៅក្នុងការប្រកួតបើកឆាកក្នុងក្របខណ្ឌ Ligue 1 សម្រាប់រដូវកាល២០១៩-២០ របស់ ក្រុម PSG ទល់នឹង​Nimes​ដែលត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យនោះទេ ប៉ុន្តែអ្នកគាំទ្រក្លឹបនេះបានធ្វើឱ្យការប្រកួតមួយនេះ មិនអាចបំភ្លេចបាន សម្រាប់កីឡាករវ័យ២៧ឆ្នាំរូបនេះ នៅពេលដែលពួកគេស្រែកច្រៀងជេរប្រមាថ ជាមួយនឹងពាក្យថា«son of a bi***»​នឹងឲ្យកីឡាកររូបនេះឆាប់ចាកចេញទៅ​៕

ប្រភព៖ FoxspotsAsia