ចិនបដិសេធដំណើរទស្សនកិច្ចនាវាចម្បាំងរបស់អាមេរិក ចំពេលកងទ័ពចិនកំពុងចល័តទៅកាន់តំបន់ក្បែរព្រំដែនទីក្រុងហុងកុង!!​
ព័ត៌មានអន្តរជាតិ
1.26K

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្រ្តីសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារទី​១៣ ខែសីហាម្សិលមិញនេះថា ប្រទេសចិនបានបដិសេធការស្នើសុំនាវាចម្បាំងអាមេរិក២គ្រឿងដើម្បីធ្វើទស្សនកិច្ច​កំពង់ផែទីក្រុងហុងកុង ចំពេលដែល​កងទ័ពចិនចាប់ផ្ដើមចល័តទៅកាន់តំបន់ក្បែរព្រំដែននៃទីក្រុងហុងកុងមួយនេះ។ ​

បើតាមមន្ត្រីអាមេរិក បានឲ្យដឹងទៀត​ថា នាវា​USS Green Bay(ហ្គ្រីនបាយ) ដែលបានដាក់សំណើបំពេញទស្សនកិច្ច មកកាន់កំពង់ផែទីក្រុងហុងកុង នៅចុងខែសីហានេះ ចំណែក​នាវាចម្បាំងបំពាក់មីស៊ីល USS Lake Erie បានដាក់សំណើបំពេញទស្សនកិច្ចនៅក្នុងខែកញ្ញា ខាងមុខនេះ។

សូមរម្លឹក​ថា ចិនធ្លាប់បានបដិសេធសំណើបែបនេះ ​​​លើកចុងក្រោយ កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ សម្រាប់នាវា ចម្បាំង Wasp។

គួរបញ្ជាក់ថា ចិនបដិសេធសំណើបំពេញដំណើរទស្សនកិច្ច របស់នាវាចម្បាំងអាមេរិក USS Green Bay និង USS Lake Erie (ឡេកអេរី) កើតមានឡើងចំពេល ទីក្រុង​ហុងកុង កំពុងជួបភាពចលាចលដោយសារតែបាតុកម្មតវ៉ាខ្លាំង និងការ​ប៉ះទង្គិចគ្នានៅឯអាកាសយានដ្ឋានអន្តរជាតិកាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យផ្អាក​ការហោះហើរ​អស់រយៈពេល២ថ្ងៃ។ ស្របពេល​មានសេចក្ដីរាយការណ៍​ថា ចិន​បានបញ្ជូនរថពាសដែក និងរថក្រោះជាច្រើនគ្រឿងទៅកាន់តំបន់ក្បែរ ព្រំដែនទីក្រុងហុងកុង៕​​

ប្រភព៖ Channel News Asia