​Update៖ ចំនួនអ្នកស្លាប់កើនដល់​៤៩​នាក់ ដោយព្យុះទីហ្វុង«Lekima»វាយប្រហារ​នៅប្រទេសចិន!!
ព័ត៌មានអន្តរជាតិ
366

ប៉េកាំង៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០១៩ បានឲ្យដឹងថា ​ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងឈ្មោះ«Lekima» បានកើនឡើងដល់​៤៩​នាក់នៅព្រឹកថ្ងៃអង្គារ (១៣ សីហា) និង២១នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះបិសាចនេះបានបង្កការបំផ្លិចបំផ្លាញនៅលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន និង បណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដោយមានភ្លៀងធ្លាក់ខ្លាំង​។

គួរជម្រាបថា ​ព្យុះទីហ្វុង«Lekima»​បានវាយប្រហារខេត្តចំនួន​៣ របស់ចិន គឺហ្សេជាំង,សាន​ដុង​, អានហួយ កាលពីចុងសប្តាហ៍ ហើយបាន​បង្ខំឲ្យ​ប្រជាជនជាង១លាននាក់ជម្លៀសចេញពីផ្ទះ​។

យ៉ាងណាមិញ បើតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួ បានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ៤៩​នាក់បានស្លាប់ នឹងមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។

មិនតែប៉ុណ្ណោះ នៅក្នុងរូបភាពនៅលើទូរទស្សន៍រដ្ឋស៊ីស៊ីធីវី បានបង្ហាញពីវាលស្រែនិងផ្លូវថ្នល់ យានយន្តដែលលិចលង់ កម្ទេចកម្ទីរាយប៉ាយនិងដើមឈើជាច្រើនបានដួលរលំដោយខ្យល់បក់ខ្លាំង និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមទីក្រុងនៅតាមបណ្តោយឆ្នេរសមុទ្រ។

គួររម្លឹកថា ព្យុះ​ទីហ្វុង«Lekima»បានធ្វើឱ្យមានការបាក់ដីនៅខេត្តហ្សេជាំង កាលពីថ្ងៃសៅរ៍ ដែលទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យុះនេះបានបោកបក់ដោយមានកម្លាំងខ្យល់​១៩០ គីឡូម៉ែត្រ និង​មានរលកកម្ពស់ជាច្រើនម៉ែត្រ។

​គួរបញ្ជាក់ថា អាជ្ញាធរបានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិបានបង្កការខាតបង់សេដ្ឋកិច្ចយ៉ាងហោចណាស់​២៦ ពាន់លានយន់ (៣,៧​ពាន់លានដុល្លារ)៕


ប្រភព៖ Channel News Asia