ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ចុះសួរសុខទុក្ខនិងឧបត្ថម្ភអំណោយ ជូនអ្នកជំងឺទូទៅដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ព័ត៌មាន
366

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនគរបាលចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយ ជូនអ្នកជំងឺទូទៅដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងពេលដែលមន្ទីរពេទ្យកំពុងមានអ្នកជំងឺនៅសម្រាកព្យាបាលច្រើន។

លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ថា ក្រោយធូរស្រាលការងារ សហការជួយសង្គ្រោះពលរដ្ឋដែលជួបគ្រោះជំនន់ទឹកភ្លៀងទាំងក្នុងក្រុងព្រះសីហនុ និងទាំងនៅស្រុកព្រៃនប់ លោកក៏បានដឹកនាំមន្ត្រីនគរបាលខេត្តឆ្លៀតមកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពអ្នកជំងឺដែលកំពុងសម្រាកព្យាបាលច្រើនក្នុងមន្ទីរពេទ្យខេត្ត និងបានឧបត្ថម្ភអំណោយជាថវិកា ម្ហូបអាហារនិងសម្ភារៈប្រើប្រាស់ ជូនអ្នកជំងឺទាំងអស់ផងដែរ។

លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ថ្លែងថា បច្ចុប្បន្នក្នុងមន្ទីរពេទ្យមានអ្នកជំងឺសរុបជាង២០០នាក់ និងបានថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ទោស្នងការ ដែលបានចែករំលែកឧបត្ថម្ភជំនួយជូនអ្នកជំងឺក្នុងពេលនេះ៕