មេដឹកនាំទីក្រុងហុងកុងព្រមានធ្ងន់ៗថា«​បាតុកម្ម​ហិង្សានឹងរុញឲ្យហុងកុង​ដើរតាមផ្លូវគ្មានការវិលត្រឡប់វិញ»!!
ព័ត៌មានអន្តរជាតិ
787

ហុងកុង៖ យោងតាមការចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ​មេដឹកនាំទីក្រុងបានព្រមាន នៅថ្ងៃអង្គារទី​១៣​ខែសីហានេះថា «ការតវ៉ាដោយហិង្សាកំពុងជំរុញហុងកុង ឲ្យ ដើរតាមផ្លូវគ្មានការវិលត្រឡប់វិញ» ខណៈកាលពីថ្ងៃចន្ទម្សិលមិញនេះ បាតុកររាប់ពាន់នាក់​បានសម្រុកចូលតវ៉ានៅព្រលានយន្តហោះអន្តរជាតិ ដែលនាំឲ្យមានការផ្អាកជើងហោះហើរទាំងអស់តែម្តង ដែលមិនធ្លាប់មានពីមុនមក។

លោកស្រី Carrie Lam បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា«​ បាតុកម្មតវ៉ាប្រើអំពើហិង្សា នឹងជំរុញឱ្យទីក្រុងហុងកុង ដើរផ្លូវមិនអាចត្រឡប់ក្រោយវិញបាន ហើយនឹងធ្វើឱ្យ​ទីហុងកុងបច្ចុប្បន្នធ្លាក់ចូលទៅកាន់ស្ថានភាពកាន់អាក្រក់ឡើង​»​។

លោកស្រីបានបន្ថែមថា«​ស្ថានភាពនៅក្នុងទីក្រុងហុងកុងកាលពីសប្តាហ៍មុន បានធ្វើឲ្យខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលធ្វើឲ្យយើងបានឈានដល់ស្ថានភាពគ្រោះថ្នាក់នេះ»។

គួរបញ្ជាក់ថា ការព្រមានខាងលើរបស់លោកស្រី Carrie Lam កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកថា បាតុកម្មតវ៉ាប្រើហិង្សារបស់ក្រុមបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យគឺជា​«អំពើភេរវកម្ម»៕

ប្រភព៖ Channel News Asia