​ស្លាប់មនុស្ស២៤នាក់ និង​៦​នាក់​បាត់ខ្លួន ដោយ​ព្យុះទីហ្វុង«Wipha»​នៅប្រទេសវៀតណាម​
ព័ត៌មានអន្តរជាតិ
402

វៀតណាម៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Aljazeera កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា អាជ្ញាធរវៀតណាម បានប្រកាសកាលពីថ្ងៃច័ន្ទថា សាកសពជនរងគ្រោះដោយទឹកជំនន់ដែលបាត់ខ្លួនចុងក្រោយនៅភាគខាងត្បូង-ភាគកណ្តាល ប្រទេសវៀតណាម ត្រូវបានរកឃើញហើយ ដែល​ចំនួនអ្នកស្លាប់​នៅក្នុងប្រទេសឡើងដល់​២៤​នាក់ និង៦ទៀតបាត់ខ្លួន។

គួរបញ្ជាក់ថា បើតាមគណៈកម្មាធិការ ដឹកនាំការ ការពារនិងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ បានរាយការណ៍ថា ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញនៅក្នុងខែសីហានៅតំបន់ខ្ពង់រាបកណ្តាល ភាគខាងត្បូងនៃប្រទេសវៀតណាម ក៏ដូចជានៅភាគខាងជើងប្រទេសវៀតណាមដែលព្យុះទីហ្វុង បានធ្វើឱ្យមានការបាក់ដីនៅថ្ងៃទី​២ ខែសីហាដោយបានសម្លាប់មនុស្ស​១៣​នាក់នៅក្នុងទឹកជំនន់ជាបន្តបន្ទាប់។

​គួរជម្រាបថា នៅភាគខាងត្បូង ផ្ទះប្រជាពលរដ្ឋជិត​៣.៩០០​ខ្នង និងផ្ទៃដីដាំដុះជាង ២២.០០០ ហិកតា ត្រូវបានលិចលង់ភាគច្រើននៅខេត្តឡាំដុង។

​លើសពីនេះ ការខូចខាតត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង​៤៦លានដុល្លារ ដែលជាការបាត់បង់ដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

​គួររម្លឹកថា ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយរបស់ប្រទេស បានរាយការណ៍ថា មនុស្ស​១៨១ នាក់បានស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិកាលពីឆ្នាំមុន៕

ប្រភព៖ Aljazeera