ជប៉ុនព្រមានថា ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ អាច​នឹងវាយប្រហារតំបន់​កោះShikoku និងកោះ​Kyushu​
ព័ត៌មានអន្តរជាតិ
301

ជប៉ុន៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Japan Times កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ​ទីភ្នាក់ងារឧតុនិយមបានព្រមានកាលពី​ថ្ងៃច័ន្ទម្សិលមិញនេះថា ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ អាចនឹងធ្វើឲ្យមានការរអិលបាក់ដី នៅតំបន់កោះ ស៊ីកូគូ«Shikoku» និងកោះ គ្យូស៊ូ«Kyushu» នៅអំឡុងថ្ងៃព្រហស្បត្តិ៍ខាងមុខ ដោយមានព្យុះភ្លៀង និងខ្យល់បក់ខ្លាំង នឹងកើតមាននៅតាមបណ្តោយ ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត និងភាគខាងលិច ប្រទេសជប៉ុន នៅព្រឹកថ្ងៃអង្គារ​នេះ​។

គិតត្រឹមម៉ោង៩ល្ងាច (ម៉ោងក្នុងតំបន់) នៅល្ងាចថ្ងៃចន្ទ​, ព្យុះទីហ្វុង​ កូរ៉ូសា« Krosa» បានមានសម្ពាធ​ទីតាំងនៅមហាសមុទ្រ ដែលមានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រ ​ខាងលិច ឆីជីជីម៉ា នៅកោះអូហ្គាសសាវ៉ា វាធ្វើការបំលាស់ទីទៅភាគខាងជើង ឆៀងខាងលិច ជាមួយល្បឿនខ្យល់១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ចំពេល​ថ្មីៗនេះ ដែលមានការកើនឡើងនូវចំនួនគ្រោះថ្នាក់​ដែលពាក់ព័ន្ធនឹងទឹក, ភ្នាក់ងារឧត្តុនិយម បានអំពាវនាវឲ្យប្រជាជន មានការប្រុងប្រយ័ត្ន​ចំពោះរលក​ខ្ពស់ និងគ្រោះទឹកជំនន់។

គួរបញ្ជាក់ថា កាលពី​ព្រឹកថ្ងៃចន្ទ ប៉ូលិសបានរកឃើញសាកសពបុរស២នាក់ នៅឆ្នេរសមុទ្រ នៃទីក្រុង ណាហ្គាសាគី«Nagasaki» ប្រទេស​ជប៉ុន៕ ប្រភព៖ Japan Times