អ្នកស្លាប់កើនដល់១៨៤នាក់ និងប្រជាជន​​១​លាននាក់ផ្លាស់ទីលំនៅ ខណៈ​ទឹកជំនន់​វាយប្រហារប្រទេសឥណ្ឌា​
ព័ត៌មានអន្តរជាតិ
447

ឥណ្ឌា៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ បានឲ្យដឹងថា អាជ្ញាធរឥណ្ឌា បានផ្លាស់ទីលំនៅប្រជាជនប្រមាណ១លាននាក់​ ទៅជំរុំសង្គ្រោះបន្ទាន់នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារចំនួនអ្នកស្លាប់ដោយ​ទឹកជំនន់​បានកើនឡើងនៅថ្ងៃច័ន្ទ​(១២ សីហា) ដល់​យ៉ាងតិច​១៨៤​នាក់។

​ភាគខាងត្បូងនៃរដ្ឋ Kerala«កេរ៉ាឡា»​ ដែលជាតំបន់ទេសចរ​ល្បីល្បាញខាងឆ្នេរខ្សាច់ រមណីយដ្ឋានភ្នំ និងតំបន់ខាងក្រោយ គឺជាតំបន់រងគ្រោះខ្លាំងបំផុតក្នុងរយៈពេល​២​ឆ្នាំជាប់ៗគ្នា ដោយបង្ខំឲ្យបិទអាកាសយានដ្ឋានអន្តរជាតិ Kochi រយៈពេល​៣ ថ្ងៃ កាលពីសប្តាហ៍មុន។

គួរជម្រាបថា អ្នកនាំពាក្យប៉ូលិសKerala «កេរ៉ាឡា»បានប្រាប់ AFP ថា«យ៉ាងហោចណាស់មានមនុស្ស​៧៦​នាក់បានស្លាប់ ៥៨​នាក់កំពុងបាត់ខ្លួន និង​៣២​នាក់ផ្សេងទៀតបានរងរបួស»។

មិនតែប៉ុណ្ណោះ ប្រជាជនប្រមាណ​២៨៨,០០០​នាក់នៅទូទាំងស្រុកដែលរងគ្រោះខ្លាំងបំផុត​ គឺនៅក្នុងរដ្ឋ Wayanad, Malappuram និង Kozhikode ត្រូវបានផ្លាស់ទៅជំរុំផ្តល់ជំនួយ។

ក្នុងនោះយ៉ាងហោចណាស់មនុស្សចំនួន៤២នាក់ ក៏បានស្លាប់បាត់បង់ជីវិតផងដែរ នៅក្នុងរដ្ឋ Karnataka ដែលជាប់ព្រំដែនគ្នានោះ ដែលត្រូវបានគេមើលឃើញថា ជាគ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កាណាតាកាបាន ប្រាប់ AFP ថា«យើងបានជម្លៀសប្រជាជនជាង ៥៨០.០០០ នាក់»។

គួរបញ្ជាក់ថា មហាវិថី និងផ្លូវសំខាន់ជាច្រើន នៅទូទាំងតំបន់ដែលរងផលប៉ះពាល់ បានបំផ្លិចបំផ្លាញ ឬក៏កាត់ផ្តាច់ ដោយកម្ពស់ទឹកកើនឡើង។​

គួររម្លឹកថា កាលពីឆ្នាំមុន រដ្ឋ Kerala របស់ឥណ្ឌា បានរងការវាយប្រហារ ដោយគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ក្នុងរយៈពេលជិតមួយសតវត្សរ៍ ដែលបានសម្លាប់មនុស្ស ប្រមាណ៤៥០នាក់៕ 

ប្រភព៖ Channel News Asia