ជនជាតិចិនម្នាក់ ខលហៅនារីខ្មែរម្នាក់ជាអ្នកបកប្រែខ្មែរ-ចិន ចូលក្នុងបន្ទប់រួចចាក់គន្លឹះទ្វារ រួចយកដែកវាយក្បាល ទាត់ធាក់បណ្តាលឲ្យរងរបួសធ្ងន់ និងយកកាំបិតកាប់ទៅលើបុរសជនជាតិចិនដូចគ្នារងរបួស ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ព័ត៌មាន
2.3K

កណ្តាល៖ ករណីហិង្សាដោយចេតនា បង្កដោយជនសង្ស័យជាជនជាតិចិនម្នាក់ កាប់ទៅលើជនរងគ្រោះជនជាតិចិនម្នាក់ឲ្យរងរបួស ថែមទាំងយកដបវាយក្បាល និងទាត់ធាក់នារីជាជនជាតិខ្មែរម្នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១.៣០នាទីចំណុច បន្ទប់ស្នាក់នៅរបស់ ជនសង្ស័យ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះឡេវ គឹមស៊ាង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ អ្នកបកប្រែចិននៅការដ្ឋានសំណង់ភូមិព្រែកស៊ឹង ។

ចំណែកជនសង្ស័យឈ្មោះ ចាង ឈិនលាន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ-ឃុំកើតហេតុ មុខរបរ មេការសំណង់ ។

ដំណើររឿងហេតុ៖ ជនរងគ្រោះគឺជាអ្នកបកប្រែភាសារខ្មែរ-ចិន ធ្វើការនៅក្នុងក្រុមហ៊ុនជាមួយជនសង្ស័យដែលជាជនជាតិចិន ។ នៅមុនពេលកើតហេតុខាងលើជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះឲ្យមកបន្ទប់ស្នាក់នៅរបស់ខ្លួន រួចបានឲ្យជនរងគ្រោះចូលក្នុងបន្ទប់ និងបានចាក់គន្លឹះនិងចាក់សោរទ្វារ ដោយនៅក្នុងបន្ទប់នោះមានជនសង្ស័យ និង បុរសជនជាតិចិនពីរនាក់ រួមនិងអ្នកបកប្រែខ្មែរមួយនាក់ទៀត ។ ភ្លាមនោះជនសង្ស័យបានយកកាំបិតប៉័ងតោចំនួន០២ កាប់ទៅលេីបុរសជនជាតិចិនម្នាក់ បណ្ដាលឲ្យរងរបួស ។ ក្រោយមកបាន មកវាយទាត់ ធាក់ និងដាល់ ជនរងគ្រោះបណ្ដាលឲ្យរងរបួសពេញផ្ទៃមុខ និងដងខ្លួន ហេីយ ក៏ពុំមាននរណាជួយឡេីយ រួចបានយកដែកវាយក្បាល និង បានយកសាប៊ូចាក់បញ្ច្រាសឲ្យជនរងគ្រោះផឹក តែជនរងគ្រោះបិទមាត់មិនព្រមផឹក ។លុះក្រោយមកប្អូនជីដូនមួយជនរងគ្រោះដែលធ្វេីការនៅទីនោះមកឃេីញ ក៏បានប្រាប់ទៅក្រុមគ្រួសារ ពេលទទួលបានដំណឹងដូចនេះ ម្តាយជនរងគ្រោះ និងក្រុមគ្រួសារ បានមកដល់ធាក់ទ្វារចូលជួយសង្គ្រោះ និងបាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ លុះនៅព្រឹកថ្ងៃទី១១ ខែឆ្នាំដដែល ទើបជនរងគ្រោះត្រលប់ពីមន្ទីរពេទ្យវិញ រួចមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលសំពៅពូន ។ 

ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយជំនាញស្រុក ចុះធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ ចាង ឈិនលាន បាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕