អាវុធហត្ថខេត្តក្រចេះ ចាប់ខ្លួនជនសង្ស័យ៧នាក់ ដកហូតអាវុធជាច្រើនដើម និងម៉ូតូជាច្រើនគ្រឿង ពាក់ព័ន្ធករណីគ្រឿងញៀន
ព័ត៌មាន
1.17K

ក្រចេះ៖ ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះ ធ្វើការឃាត់ខ្លួន ដកហូតគ្រឿងញៀន៤កញ្ចប់ និងម៉ូតូជាច្រើនគ្រឿង ពាក់ព័ន្ធករណីគ្រឿងញៀន។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចខាងលើ បានឃាត់ខ្លួនជនសង្ស័យ០៧នាក់ ក្នុងនោះរួមមាន៖

ទី១ឈ្មោះ ឈាង ផូ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមាត់ពន្លា ឃុំក្រដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ទី២ឈ្មោះ ដេត ប៊ុនណារ៉ាត់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអម្ពិល ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ

ទី៣ឈ្មោះ មុត ដាវ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ

ទី៤ឈ្មោះ ណា សៀត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចាម រស់នៅភូមិវេវ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ

ទី៥ឈ្មោះ ឯម ដាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ

ទី៦ឈ្មោះ ហ៊ុន ហេន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ

និងទី៧ឈ្មោះ មីន សុខដា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិជ្នីក ឃុំជ្នីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងនោះដែរកម្លាំងបានដកហូតវត្ថុតាង ម្សៅក្រាម ពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់, កូនថង់សម្រាប់ខ្ចប់គ្រឿងញៀនមួយចំនួន, ដែកឆាបមុខ ៣ចំនួន០១, កាំភ្លើងកែច្នៃចំនួន ០៣ដើម, ស្លាបព្រាជ័រសម្រាប់ច្រកគ្រឿងញៀនចំនួន០២, ទូរស័ព្ទចំនួន ០២គ្រឿង, ដាវ ០១ដើម, កន្រ្តៃ០២, ញញួរ០១, ពូថៅ០១, ដែកកេះ០៨, គ្រាប់កង់០១ប្រអប់, សម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួន, ម៉ូតូចំនួន ០៦គ្រឿង, ម្សៅពណ៌ស១កូនប្រអប់ (សង្ស័យជាសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់បន្តទៀត៕