ជម្លោះពាណិជ្ជកម្ម​កើនកម្តៅឡើងវិញ ក្រោយពីកូរ៉េខាងត្បូងដក​ជប៉ុន ចេញពី​«បញ្ជីស»​ការអនុគ្រោះពាណិជ្ជកម្ម​
ព័ត៌មានអន្តរជាតិ
246

បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Kyodo​ News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលកូរ៉េខាងត្បូង ​បានប្រកាសនូវពីផែនការដកជប៉ុន ចេញពី«បញ្ជីស»របស់ខ្លួន ដើម្បីលុបចោលការអនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់ទីក្រុងតូក្យូ។​

បើ​យោងតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក ស៊ុង យុនម៉ូ (Sung Yun-mo) ក៏បានគូសបញ្ជាក់ថា« ការចាត់វិធានការនេះ ​នឹងត្រូវចូលជាធរមាន នៅខែកញ្ញាខាងមុខ ដែលជាការឆ្លើយតបទៅនឹងជប៉ុន បន្ទាប់ពី​ប្រកាសដកទីក្រុងសេអ៊ូល ចេញពី«បញ្ជីស» និងការរឹតត្បិតលើការនាំចេញវត្ថុធាតុដើមសំខាន់ៗ​ដល់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង​។

គួរបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូបានផ្ទុះឡើង ក្រោយ​ជប៉ុនប្រកាសដកទីក្រុងសេអ៊ូលចេញពី«បញ្ជីស» ជាការឆ្លើយតបនឹងតុលាការកូរ៉េខាងត្បូង ដែលបានបង្គាប់ឲ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងសំណងជំងឺចិត្តដល់អតីតកម្មករកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងឧស្សហកម្ម ក្នុងកំឡុងសង្រ្គាមលោកលើកទី​២​៕

ប្រភព៖ Kyodo​ News