បង្ហាញខ្លួនលើកដំបូង ​Harry Maguireឈ្នះ Man-of-the-Match ​ក្រោយបំបាក់​Chelsea​ ៤-០

​កីឡាករចំណូលថ្មីរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ​Harry Maguire ត្រូវបានគេដាក់ឈ្មោះថា«man-of-the match» កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរូបគេបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្រុមបិសាចក្រហម ដែលបានបំបាក់ក្រុមតោខៀវ Chelsea​ ដោយលទ្ធផល៤-០ ក្នុងការប្រកួតបើកឆាក Premier League ឆ្នាំ​២០១៩-២០​។

បើយោងតាម​Sky Sports បានឲ្យដឹងថា អតីតខ្សែការពារកណ្តាលរបស់ក្លឹប Leicester City បានលេងអស់រយៈពេល​៩០​នាទី ដែល​​ធ្វើ​ការ​តតាំង​និងគូ​ប្រកួត​លើ​ទីលាន​បាន​យ៉ាង​ល្អ។ ដោយស្ថិតិ​រួម​របស់កីឡាករ Maguire គឺ​អាច​សង្រ្គោះ​បាល់ (Clearance) ចំនួន​៧ដង, ការ​ឆក់​យក​បាល់ (Interception)​ចំនួន​៤ដង ជាមួយ​ភាគរយ​បញ្ជូន​បាល់​ជោគជ័យ​ប្រមាណ​៨៦​ភាគរយ​ផង​ដែរ។

គួរបញ្ជាក់​ថា កីឡាករ​​វ័យ​២៦​ឆ្នាំរូបនេះ ​​​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ ដែល​ក្លឹបបិសាច​ក្រហម​ បាន​ចាយ​អស់​ប្រមាណ​៨០​លាន​ផោន ​ក្នុង​ការ​នាំ​យក​រូប​គេ​ចេញ​ពី​ក្រុម​កញ្រ្ជោង ផ្តួល​លើ​កំណត់ត្រា​ចាស់​របស់ Van Dijk របស់ក្រុម Liverpool ​ដែល​មាន​តម្លៃ​ផ្ទេរ៧៥លាន​ផោន​ កាល​ពី​ខែ​មករា​ឆ្នាំ ២០១៨៕


ប្រភព៖ FoxSportAsia