តុលាការខេត្តកំពង់ធំ ចេញដីកាឃុំខ្លួន ប្រធានសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច មេភូមិតាឡែក និងបក្ខពួកម្នាក់ទៀត ករណីកាប់គាស់រុករាន ឆ្ការដុត ឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធ
ព័ត៌មាន
572

កំពង់ធំ៖ ប្រធានសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច មេភូមិតាឡែក និងបក្ខពួកម្នាក់ទៀត ត្រូវបានលោក សេង ប៊ុណ្ណា អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានចេញដីការបង្គាប់ឱ្យឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពីបទ កាប់គាស់រុករាន ឆ្ការដុត ឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅចំណុចភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ជនជាប់ចោទទាំង ៣នាក់ ខាងលើមាន៖ ទី១- សោម ច័ន្ទកុម្ភៈ អាយុ ជាប្រធានសហគមន៍តាឡែក, ទី២- ឈ្មោះ ហេង សារឿន ជាប្រធានភូមិតាឡែក និងទី៣- ឈ្មោះ សិត ហាន ជាបក្ខពួក អ្នកទាំង៣នាក់ រស់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុងប្រាសាទបល្ល័ង្ក ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា មុនឈានទៅចាប់ខ្លួន ជនជាប់ចោទទាំង ៣នាក់ខាងលើនេះ បន្ទាប់ពីមានករណីមិនប្រក្រតី គឺប្រជាពលរដ្ឋចំនួន ១៨០នាក់ ដែលជាសមាជិកសហគមន៍ បានប្តឹង ហើយនៅអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ បុគ្គលឈ្មោះ សោម ច័ន្ទកុម្ភៈ, ហេង សារឿន និង សិត ហាន ព្រមទាំងមានជនខិលខួចមួយចំនួនទៀត បានឃុបឃិតគ្នា បើកដៃឱ្យប្រជាពលរដ្ឋចូលកាប់ រានឈូសឆាយដីក្នុងដែនសហគមន៍ តំបន់ការពារធម្មជាតិជាំម្រេច របស់ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពងធំ ហើយពួកគេបានប្រមូលដីនោះ ធ្វើឯកសារត្រឹមភូមិ និងប្រធានសហគមន៍ខ្លួនឯង ដើម្បីលក់ឱ្យឈ្មួញក្នុងខេត្ត និងក្រៅខេត្តជាច្រើនហិចតាផងដែរ៕