ឯកឧត្តម​ គួច​ ចំរើន​ ដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ទាំងមេឃកំពុងតែភ្លៀង​
ព័ត៌មាន
1.04K

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៩​ ខែ​សីហា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់មួយចំនួនទៅលើបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៨​ ខែ​សីហា​ ឆ្នាំ​២០១៩​ យប់​មិញ​នេះ​ ក្រុងព្រះសីហនុ​បាន​ទទួល​រងនូវទឹកជនលិចជាខ្លាំង​ដោយសារទឹកភ្លៀងមួយមេធំ​ បានធ្វើអោយលំនៅដ្ឋានពលរដ្ឋ ដែលនៅតំបន់ទំនាបតាមសង្កាត់នានាក្នុងក្រុង រងនូវការជន់លិចចូលដល់ក្នុងផ្ទះ។

ពលរដ្ឋនៅម្តុំជិតស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត អោយដឹងដែរថា ដោយសារតែភ្លៀងខ្លាំង ទឹកឡើងលឿន មានពលរដ្ឋខ្លះបានជាប់ក្នុងទឹក ដែលកំពុងជន់លិចខ្លាំង ប៉ុន្តែបានអ្នកភូមិជួយសង្គ្រោះ នាំមកកាន់ដីគោកហើយ។ ក្រៅពីនេះ ផ្ទះពលរដ្ឋនៅជិតផ្លូវរថភ្លើង និងខ្លះទៀតនៅទំនប់រលកក្នុងសង្កាត់លេខ១ ក៍រងនូវការជន់លិចខ្លាំងដែរ៕

រហូតមកដល់ព្រឹកនេះ ភ្លៀងនៅតែបន្តធ្លាក់តិច ច្រើនតាមពេល ក្នុងនោះតំបន់ទំនាបមួយចំនួនដែលមានទឹកលិចតាំងពីយប់មកនោះ នៅមិនទាន់ស្រកចុះនៅឡើយ៕