យានអវកាស Yutu-2 របស់​ចិន ធ្វើដំណើរ​ចម្ងាយ​២៧១ម៉ែត្រ​នៅផ្នែកឆ្ងាយនៃព្រះច័ន្ទ
ព័ត៌មានអន្តរជាតិ
332

ប៉េកាំង​៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន China នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា យានអវកាស Yutu-2 របស់ប្រទេសចិន បានធ្វើដំណើរលើចម្ងាយ​២៧១ម៉ែត្រ នៅផ្នែកឆ្ងាយនៃព្រះច័ន្ទ ដើម្បីធ្វើការរុករកស្រាវជ្រាវតំបន់ ដែលគ្មានប្រទេសណាផ្សេងធ្លាប់បានទៅដល់នោះ។​

ជាក់ស្តែង កាលពីថ្ងៃពុធសប្តាហ៍នេះ យាន Yutu-2 និងយានចុះចត ស្ថិតនៅក្នុងចង្កោមនៃបេសកកម្ម«ឆាងអឺ៤»​បានសម្រាកដំណើរការជាថ្មីម្តងទៀត ខណៈពេលវេលាយប់នៅលើឋានព្រះច័ន្ទ​។ គួរជម្រាបថា យប់នៅព្រះច័ន្ទស្មើនឹង ១៤ថ្ងៃនៅលើផែនដី ហើយពេលថ្ងៃក៏មានរយៈពេលដូចគ្នាដែរ។​ នេះបើយោងតាមមជ្ឈមណ្ឌលកម្មវិធីរុករក និងលំហអវកាសនៃរដ្ឋបាលអវកាសជាតិចិន។

គួរបញ្ជាក់ថា បេសកកម្ម«ឆាងអឺ៤» ត្រូវបានបញ្ជូនចេញពីផែនដីកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។ វាបានចុះចតទៅរណ្តៅ វ៉ុនកាមែន ដែលនៅផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩​៕ 

 ប្រភព៖ China