គ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់​ ត្រូវបានអាជ្ញាធរថៃរកឃើញនៅ​កណ្ដាលទីក្រុងបាងកក
ព័ត៌មានអន្តរជាតិ
805

បាងកក៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរថៃ បានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ នៅផ្សារមួយនៅកណ្តាលទីក្រុងបាងកក នៅពីថ្ងៃពុធ​(៧​សីហា)នេះ ដែលបន្សល់ទុកពីការ​​ផ្ទុះគ្រាប់បែក បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស កាលពីសប្ដាហ៍មុន។​

គួរបញ្ជាក់ថា គ្រាប់បែកតូចៗនិងគ្រាប់បែក​៦គ្រាប់ បានផ្ទុះឡើងនៅរដ្ឋធានីថៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈទីក្រុងនេះបានរៀបចំកិច្ចប្រជុំរបស់រដ្ឋមន្រ្តីការបរទេសអាស៊ីអាគ្នេយ៍ដែលមានការចូលរួមពីអ្នកការទូតជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក ចិននិងមហាអំណាចពិភពលោកផ្សេងទៀត។

ប៉ូលិសថៃ បាននិយាយថា គ្រាប់បែកដែលត្រូវបានរកឃើញថ្មីនៅផ្សារ Prathunam នៅកណ្តាលទីក្រុងបាងកក គឺស្រដៀងនឹងការបំផ្ទុះកាលពីថ្ងៃសុក្រសប្តាហ៍មុន។

គួររម្លឹកថា ​នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា អាជ្ញាធរបានឃុំខ្លួនជនសង្ស័យ៩នាក់ ក្នុងនោះមានបុរស២នាក់​ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ថាបានដាក់គ្រាប់បែកចំនួន ២ គ្រាប់នៅខាងមុខទីស្នាក់ការប៉ូលិសនៅកណ្តាលទីក្រុងបាងកក​៕ 

ប្រភព៖ Channel News Asia