អុញនោះ! Facebook លុបចោលគណនី​និងផេកជាច្រើន​ ក្រោយល្មើសបទបញ្ជា នៅប្រទេសថៃ រុស្ស៊ី និងអ៊ុយក្រែន
បច្ចេកវិទ្យា
619

បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថាក្រុមហ៊ុនបណ្តាញសង្គមអាមេរិក«​Facebook» បាននិយាយ​នៅថ្ងៃព្រហស្បតិ៍នេះថា គណនីអ្នកប្រើប្រាស់ចំនួន ២៩៤ និងទំព័រ​ចំនួន​១,៥០៩ទំព័រ ដែលមានប្រភពចេញពីប្រទេសរុស្ស៊ី អ៊ុយក្រែន ថៃ និងហុងឌូរ៉ាស់ ត្រូវបានលុបចេញ ដោយ​គណនី​មានឥរិយាបថមិនត្រឹមត្រូវ និងល្មើសនឹងបទបញ្ជារបស់ Facebook។​

Facebook បានគូសបញ្ជាក់ថា ការលុបចោលគណនី​និងទំព័រទាំងនោះ ​ផ្អែកលើអាកប្បកិរិយារបស់ពួកគេ នៅក្នុងការផ្សព្វផ្សាយ និងប្រើប្រាស់​។

លើសពីនេះទៅទៀត ការបើកយុទ្ធនាការបង្ក្រាបលើគណនីបែបនេះ នៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Facebook កើតឡើងនៅក្រោយពេលដែលការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ ស្តីពីភាពយឺតយ៉ាវក្នុងការបង្កើតឧបករណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពជ្រុលនិយម និងឃោសនាបោកប្រាស់នានា។

គួរបញ្ជាក់ថា ​លោក Nathaniel Gleicher​ ប្រធានផ្នែកគោលនយោបាយនៃសន្តិសុខអ៊ីនធើណេត បានសរសេរអ៊ីមែលថា «នៅក្នុងករណីនីមួយៗ មនុស្សដែលនៅពីក្រោយសកម្មភាពនេះបានសហការគ្នាយ៉ាងល្អ ដោយបានប្រើគណនីក្លែងក្លាយ ដើម្បីក្លែងបន្លំថាជាខ្លួនរបស់ពួកគេ»៕ 

ប្រភព៖ Channel News Asia