អបអរសាទរ! បេសកកម្មវះកាត់ព្យាបាលកុមារី លីលី រក្សា ទទួលបានជោគជ័យ សូមស្វាគមន៍ការវិលត្រឡប់មក មកមាតុភូមិវិញ ដោយសុវត្ថិភាព
ព័ត៌មាន
2.04K

ក្រោមការចូលរួមជ្រោមជ្រែងឧបត្ថម្ភ យ៉ាងយកចិត្តទុក្ខដាក់ និងកក់ក្តៅពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ( ស.ស.យ.ក ខេត្ត សៀមរាប ) និងព្រមទាំងមានការចូលរួម ដ៏ធំធេងពីលោកឧកញ៉ា ង៉ូវ ស្រ៊ុន ប្រធានអង្គការ មូលនិធិចក្ខុខ្មែរ និងរួមទាំង ក្រុមការងារ គ្រប់ជាន់ថ្នាក់ នៃអង្គការ ( Khmer Sight Foundation ) បានធ្វើអោយគម្រោងបេសកកម្ម បង្កើតសំណាង ជួយសង្គ្រោះ ដល់ កុមារី លីលី និង រក្សា រួចផុតគ្រោះថ្នាក់ ដំណើរការទៅរលូន ប្រកបបានជោគជ័យ។

ជាមហាកិត្តិយសមួយ និងជាឪកាសដ៏កម្រ ដែលកុមារី២រូប (ម្នាក់រស់នៅខេត្តសៀមរាប, ម្នាក់រស់នៅខេត្តបាត់ដំបង) មានសំណាង និង ទទួលបានឪកាស ចេញទៅ វះកាត់ ព្យាបាលនៅប្រទេសប្រទេសអូស្រ្តាលី ដោយមានការញ្ជើញពីសំណាក់មន្ទីរពេទ្យមួយនៅក្នុងប្រទេស អូស្រ្តាលី និង មានការចូលរួមមើលថែ យកចិត្តទុក្ខ យ៉ាងកក់ក្តៅ ពីសំណាក់ក្រុមការងារ បងប្អូនស្ម័គ្រចិត្តនៃអង្គការ ព្រមទាំង សមាគមខ្មែរ នៅប្រទេស អូស្ត្រាលី កំឡុងពេលស្នាក់នៅ ព្យាបាល វះកាត់ ។ ក្នុងនោះក៏មានចូលរួមជ្រោមជ្រែងជួយពីសំណាក់ Doctor ចិត្តធម៌មកពីជាច្រើនបណ្តារដ្ឋ នៅក្នុងប្រទេសអូស្រ្តាលី មានដូចជា ( Melborne ,Adelaide, Brishben, Perls និង Sydney, ដើម្បីធ្វើការវះកាត់ ជួយសង្គ្រោះដល់ កុមារីទាំង២ អោយរួចផុតគ្រោះថ្នាក់ ប្រកបដោយភាពជោគជ័យ យ៉ាងរលូនផងដែរ។

លោក ធន ម៉េងហ៊ាង ប្រធាន ( សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម ) បានរួមសហការ ជាមួយ លោកឧកញ៉ា ង៉ូវ ស្រ៊ុន ប្រធានអង្គការ មូលនិធិចក្ខុខ្មែរ ( Khmer Sight Foundation ) ក្នុងកិច្ចរៀបចំគម្រោង បេសកកម្ម បញ្ចូន កុមារី ទាំង ២ រូប ដែលមានជំងឺ ដុះដុំសាច់ក្នុងសសៃឈាម ដែលជាជំងឺកាចសាហាវមួយ ប្រឈមដល់ការអាយុជីវិត ដើម្បីបង្កើតនូវឪកាស ជូនដល់កុមារី ទាំងពីរ អោយមានសំណាង រួចផុតគ្រោះថ្នាក់ បន្តរជីវិតរស់រាន ដូចក្មេងដ៍ទៃ។

ចុងក្រោយ លោក ធន ម៉េងហ៊ាង ប្រធាន ( សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម ) ព្រមទាំង ក្រុមគ្រួសារ លីលី រក្សា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ព្រមទាំង បងប្អូនសប្បុសជន ក្នុងស្រុក ក្រៅស្រុក និង សូមគោរពជូនពរ បងប្អូនជួបប្រទះតែនឹង ពុទ្ធិពរទាំង ០៤ ប្រការ គឺអាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លីឃ្លាត ឡើយ សូមអរគុណ៕