ខ្មាន់កាំភ្លើងជាមន្ត្រី​ប៉ុស្តិ៍​គោក​ឃ្លាង​ម្នាក់ និង​បក្ខពួក បាញ់៣គ្រាប់និងកាប់​ទៅលើបុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ត្រូវអាវុធហត្ថចាប់ខ្លួនបានក្រោយគេចខ្លួន១យប់!
ព័ត៌មាន
1.59K

ភ្នំពេញ​៖​ កង​រាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកសរុប៤នាក់ ប្រគល់ឲ្យសមត្ថកិច្ចជ្រោយចង្វារ ក្រោយផ្ទុះអាវុធបាញ់៣គ្រាប់ និងកាប់ចាក់យកដុំថ្មគប់ ទៅលើគូទំនាស់ដែលជាកម្មករកុងស៊ីកាប់គោ បណ្តាលឲ្យបុរសម្នាក់ របួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយក្រោយកើតហេតុភ្លាមៗ ជនសង្ស័យ​​បាន​គេចខ្លួន​បាត់ តែ​បាន​មួយ​យប់​ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួនបាន រួច​ប្រគល់​អោយ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ចាត់ការ​តាម​ច្បាប់។

ជនសង្ស័យទី១មានឈ្មោះ ខៃ សាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាម្ចាស់អាវុធម៉ាកK54 និងជាមន្ត្រី​ប៉ុស្តិ៍​គោកឃ្លាង និងជនសង្ស័យទី២ឈ្មោះ គង់ បណ្តាល ភេទប្រុស អាយុ២២ឆ្នាំ អ្នកកាន់កាំភ្លើង ដកហូតបានទូរសព្ទ៣គ្រឿង និងកាំភ្លើង១ដើម , ដោយឡែកបក្ខពួក២នាក់ទៀត ឈ្មោះ ផេង ភេទប្រុស និងឈ្មោះ មករា ភេទប្រុស កំពុងរត់គេចខ្លួន ប្រើប្រាស់ ដាវ កាំបិត ដុំ​ថ្ម គប់ កាប់ទៅលើជនរងគ្រោះឈ្មោះ ហៀ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរប​កម្មករ​កាប់​គោ មានស្រុក​កំណើត​នៅ​ភូមិ​តា​នួ​ង​ក្រៅ ឃុំ​តា​នួ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ​រង​របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយជនសង្ស័យ២នាក់ខាងលើ រួមជាមួយបក្ខពួក២នាក់ទៀត ឈ្មោះ ផេង ភេទប្រុស និងឈ្មោះ មករា   (ដែលរត់គេចខ្លួន) បានប្រើប្រាស់​អាវុធ​ខ្លីK54 កាំបិត ដាវ និងដុំ​ថ្ម បាន​លើកគ្នា​ទៅ​កាប់​គោ និង​បាញ់ចំនួន៣គ្រាប់ ​គំរាម​គូទំនាស់​ដែល​ជា​កម្មករ​កុងស៊ី​កាប់​គោ បន្ទាប់​ពី​នាំ​គ្នា​មក​ផឹកស្រា​បៀរ នៅ​ហាង​នួន​ប្រុស​៣ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗបានរត់គេចខ្លួនអស់ រំលងបាន១យប់ក៏ត្រូវអាវុធហត្ថចាប់ខ្លួនបាន២នាក់តែម្តង ខណៈ២នាក់ទៀតកំពុងរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕