ស្ត្រី​ម្នាក់​ជិះកង់ឆ្លងផ្លូវ ត្រូវរថយន្ដ​ក្រឡុកសុីម៉ង់ត៍បុកនិងកិន រួចរថយន្តស្តារិចមកពីក្រោយ កិនបន្ថែមបណ្តាលឲ្យដាច់ខ្លួនជាពីរ​ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម​
ព័ត៌មាន
2.62K

ភ្នំពេញ​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ស្ត្រីម្នាក់ជិះកង់ឆ្លងផ្លូវ ត្រូវរថយន្ត​ក្រឡុកស៊ីម៉ង់ បើកបុកពេញទំហឹង បណ្តាលឲ្យដួលត្រូវរថយន្តស្តារិចមួយគ្រឿងទៀតមកពីក្រោយកិនបន្ថែម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩និង៣០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុប២០០៤ ស្ថិតក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ភេទស្រី អាយុប្រហែល៤០ឆ្នាំជាង។

តាមប្រភពនៅកន្លែងកេីតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុគេឃេីញស្ត្រីម្នាក់ជិះកង់ រួចបានឆ្លងស្តុបហើយក៏ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខ 5A-2386 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បុកយ៉ាងពេញទំហឹង ស្រប​ពេល​ដែល​បុកក៏មានរថយន្តមួយគ្រឿងទៀតម៉ាកស្តារិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AN-6234 បើកបរពីលិចទៅកើតចាប់ប្រាំងមិនទាន់ក៏កិនជនរងគ្រោះបន្ថែមទៀត បណ្តាលឲ្យដាច់ខ្លួនជាពីរស្លាប់យ៉ាងអាណោចអាធ័ម ភ្លាមៗនោះអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំងពីរគ្រឿងបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕