ស្លាប់ចុះ! បង្ហោះម៉ូតូក្នុងល្បឿនលឿន ទៅបុករថយន្តដួលត្រូវបានរថយន្តនិងម៉ូតូ២គ្រឿងទៀតបុកបន្ថែម ស្លាប់២នាក់យ៉ាងរន្ធត់! (មានវីដេអូស្តែងៗ)
ព័ត៌មាន
13.7K

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយយុវជន២នាក់ ជិះម៉ូតូបង្ហោះកង់មុខឡើងលើ រេចង្កូតទៅបុករថយន្តដួល ហើយត្រូវរថយន្ត និងម៉ូតូមួយគ្រឿងទៀត បុកពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យស្លាប់២នាក់យ៉ាងរន្ធត់ភ្លាមៗតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលារៀនខ្មែរ-ចិន ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពុំមានពាក់ស្លាកលេខ ជិះគ្នា២នាក់ ពីកើតទៅលិច ហើយបានបើកបង្ហោះកង់មុខឡើងលើ ក្នុងល្បឿនយ៉ាងលឿន ដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាវ៉ាន់ស្សា ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6104 កំពុងបើកបរពីលិចទៅកើត បញ្ច្រាសទិសគ្នា បណ្ដាលឲ្យម៉ូតូដួល ហើយត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាហាយឡែនដ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0996 បើកពីលិចទៅកើតបុកបន្ថែម ហើយក៏មានម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T-1777 ដែលបើកមកពីក្រោយម៉ូតូខាងលើ បុកម៉ូតូដែលដួលនោះបន្ថែមទៀត បណ្តាលឲ្យស្លាប់២នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទាំង៣គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយគ្នាតាមច្បាប់បន្តទៀត ចំណែករថយន្តហាយឡែនឌ័រ បើករត់គេចបាត់តែម្តង ៕