លោក ស៊ុន ចាន់ថុល ពិនិត្យគម្រោងស្ថាបនាផ្លូវប្របមាត់នឹងឆ្នេរសមុទ្របំបែកចេញពីផ្លូវរាម សម្រាប់រំដោះចរចរណ៍ផ្លូវជាតិលេខ៤ និងត្រៀមរៀបចំបុណ្យសមុទ្រនៅឆ្នាំ២០២០
ព័ត៌មាន
835

ខេត្តព្រះសីហនុ៖ ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងស្ថាបនាផ្លូវមួយនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ការស្ថាបនាផ្លូវនេះ គឺមានសារៈសំខាន់បំផុត ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍន៍។

នេះជាផ្លូវមួយក្នុងគម្រោងផ្លូវខ្សែក្រវ៉ាត់ចូលទៅក្រុងព្រះសីហនុ ប្របមាត់នឹងឆ្នេរសមុទ្រ ដែលបំបែកចេញពីផ្លូវរាម តាមបណ្តាយមាត់សមុទ្រ ភ្ជាប់មកផ្លូវតំបន់អូរត្រេះ ដែលគ្រោងស្ថាបនាសម្រាប់រំដោះចរចរណ៍តាមផ្លូវជាតិលេខ៤ ។

ទាក់ទងបញ្ហាផ្លូវថ្នល់នេះដែរ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍បញ្ជាក់ថា ក្រសួងនឹងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការជួសជុលកំណាត់ផ្លូវចំនួន២២ខ្សែឲ្យបានលឿន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិន និងការនាំចេញ នាំចូល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមរៀបចំបុណ្យសមុទ្រនៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះក្នុងក្រុងព្រះសីហនុផងដែរ៕