ឃើញមុខច្បាស់ប៉ុណ្ណឹងហើយ មិនចាប់បានទើបចម្លែក! ចោរឆក់កក្រើកបណ្តាញសង្គម Facebook ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនបានហើយ (មានវីដេអូ)
ព័ត៌មាន
16K

ភ្នំពេញ៖ ក្រោយមានការបង្ហោះពី គណនី Facebook ឈ្មោះ Chen Hao បានបង្ហោះកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ថា «នេះជាសកម្មភាពចោរដែលបានឆក់ទូរស័ព្ទមិត្តភក្តិរបស់ខ្ញុំ សូមបងប្អូនជួយShare រកមុខចោរម្នាក់នេះផង!!!! » ដែលកក្រើកពេញបណ្តាញសង្គម ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។

ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទពីប្រជាពលរដ្ឋតាមដងផ្លូវ ត្រូ​វបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២ ធ្វើការឃាត់ខ្លួនបាន ដកហូតបានម៉ូតូ២គ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកែងគ្លីនិកព្យាបាលសង្ក័ម៉ារី ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបាន រួមមាន៖ ទី១ឈ្មោះ ឆេង ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៨០ បុរីចំការដូង ក្នុងខណ្ឌដង្កោ ជិះម៉ូតូហុងដាស្កុបពី ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846 (ជាឆក់ផ្ទាល់), និងជនសង្ស័យទី២ឈ្មោះ អ៊ី លឹមងួន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងម៉ាស៊ីនដេរ ស្នាក់នៅភូមិអង្គស្លែង សង្កាត់ឪឡឹក ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ បិទស្កុតស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2850 (ជាអ្នកបិតគូទ) និងបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ អាម៉េង ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅម្តុំព្រែកប្រា ខណ្ឌច្បារអំពៅ ជិះម៉ូតូ ហុងដាឃ្លីក ពណ៌ខ្មៅ ស៊េរី២០១៩ មិនចាំស្លាកលេខ (គេចខ្លួន)។

ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាន ទូរសព្ទដៃម៉ាក 8Plus ពណ៌ខ្មៅ និងម៉ូតូ២គ្រឿង រួមមាន ទី១.ម៉ូតូហុងដាស្កុបពី ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846 និងទី២ ម៉ាកហុងដាឃ្លីក ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ បិទស្កុតស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2850 ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងសាកនៅប៉ុស្តិ៍កាកាបទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕