បុរសម្នាក់យំបោកខ្លួន ព្រោះចាញ់បោកគេអស់ពីខ្លួនរលីង ក្រោយផឹកទឹកក្រឡុកអស់១កែវ...
ព័ត៌មាន
29.9K

រាជធាភ្នំពេញ៖​ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ធ្វើដំណើរឡើងមកពីខេត្តកោះកុង បានចាញ់បោកគេ យំសោកបោកខ្លួន អស់ស្មារតី ឡើងទន់ខ្លួន ហើយត្រូវបានគេដឹកតាមរថយន្តយកមកទម្លាក់ចោល ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងនាំគ្នាជួយធ្វើចលនាសង្គ្រោះបឋម កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ ២៦១ កែងនិងផ្លូវ ២១៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជាធានីភ្នំពេញ ។

តាមការរៀបរាប់របស់បុរសខាងលើ បានរៀបរាប់ទាំងទឹកភ្នែក យំហើមភ្នែក ទន់ខ្លួនអស់ស្មារតី បានរៀបរាប់ថា គាត់ឈ្មោះ រ័ត្ន រស់នៅម្នាក់ឯង ដោយមានស្រុកកំណើតនៅកំពង់សោម ហើយមកធ្វើការនៅកោះកុង ដោយជីវិតគាត់លំបាកសព្វបែបយ៉ាង ហើយមុនពេលកើតហេតុ គាត់ទើបតែបានស្គាល់គ្នាជាមួយបុរសម្នាក់ តាម Facebook បាន១ថ្ងៃ ហើយក៏បបួលមកលេងភ្នំពេញ ដោយគេប្រាប់ថា គេជាអ្នកចេញលុយគ្រប់យ៉ាង​ទើបគាត់ព្រមមកតាម ដោយមានសាក់កាដូ និងកាបូបលុយ ដែលមានលុយខ្មែរ ចំនួន២លានជាង ខ្សែដៃ ចិញ្ចៀន លុយដុល្លារចំនួន៥០០ ទៅ៦០០ដុល្លារ និងទូរសព្ទ២គ្រឿងមកជាមួយ តែពេលនោះគេបានប្រាប់គាត់ឲ្យទុកកាបូបលុយទាំងអស់នៅខាងក្រោយទៅ ទើបគាត់ទុក ហើយនៅតាមផ្លូវគេបានឲ្យទឹកក្រឡុកគាត់ផឹក១កែវ លុះដល់ភ្នំពេញចំណុចកើតហេតុ គេបានប្រាប់គាត់ថា ឲ្យគាត់ចុះសិនទៅ គេទៅដូរឡានសិន ព្រោះឡានដែលជិះនេះចង្អៀត ចាំតែ២នាទីទេ គាត់ក៏ចុះមកតែខ្លួនទុកកាបូបទាំងអស់ក្នុងរថយន្ត តែក៏បាត់រហូតមកទល់ពេលនេះតែម្តង ។

បើតាមប្រជាពលរដ្ឋបានលើកឡើងថា គេបានឃើញបុរសខាងលើ ស្ថិតក្នុងសភាពវង្វែងវង្វាន់បាត់មាត់បាត់ក ដេកស្តូកស្តឹង ដោយនឹកគិតថា សង្ស័យត្រូវថ្នាំគេ ក៏នាំគ្នាយកក្រូចឆ្មានិងខ្ទឹមស មកលាបឲ្យគាត់មួយសន្ទុះធំទើបដឹងខ្លួនស្រែកយំថាគាត់ចាញ់បោកគេអស់ពីខ្លួនបែបនេះតែម្តង ។

បន្ទាប់ពីកើតហេតុ បុរសខាងលើ ត្រូវបានសមត្ថកិច្ចនៅចាំមើលនិងកន្លែងកើតហេតុ ដើម្បីរង់ចាំសាច់ញាតិក្រុមគ្រួសារ មកទទួលទៅវិញ៕