បុរសម្នាក់ ត្រូវរថយន្តបែន បុកពីក្រោយស្លាប់មួយរំពេចយ៉ាងរន្ធត់
ព័ត៌មាន
1.29K

កណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំ បានបុកម៉ូតូសង់ដែលកំបុងជិះដោយបុរសម្នាក់ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ក្នុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ិច ទូច ភេទប្រុស អាយុ៥៧ឆ្នាំ ភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកអ្នកបើកបរថយន្តបង្កមានឈ្មោះ ផុន សុធា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបឹងគ្រុំក្រោម ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1B-1158 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តធុនធំ មួយគ្រឿងម៉ាកហ៊ីណូ ប្រភេទបែន ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1A-0312 បើកមកពីក្រោយមកបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕