មន្ត្រីយោធាអង្គភាពK88 ពាក់ស័ក្តិ៥ម្នាក់ ប្រកាច់ស្លាប់មួយរំពេចខណៈកំពុងប្រកែកគ្នាក្នុងទំនាស់ដីធ្លី
ព័ត៌មាន
12.4K

កំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយមន្ត្រីយោធា ពាក់ស័ក្តិ៥ម្នាក់ជាអ្នកយាមដីជម្លោះ បានដួលធ្លាក់ពីលើកៅស្លាប់ភ្លាមៗ ពេលកំពុងប្រកែកគ្នាជាមួយពលរដ្ឋក្នុងរឿងជម្លោះដីធ្លី។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ចំណុចដីជម្លោះក្បែរអាស្រម បង្គោលកីស្រីខ្មៅ និង ជាចំណុចឈរជើងរបស់យោធាអង្គភាពK88 ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយមានប្រជាពលរដ្ឋនាំគ្នាទៅភ្ជួរដីនៅចំការរបស់ខ្លួន (ជាដីទំនាស់) ត្រូវបានក្រុមទាហានអង្គភាពK88 ឃាត់មិនឲ្យភ្ជួរទើបមានការទាស់ពាក្យសម្តីគ្នាទៅវិញទៅមក ពេលនោះ ស្រាប់តែមន្ត្រីយោធាម្នាក់ឈ្មោះ ម៉ៅ តារារដ្ខា មានស្រុកកំណើតនៅខេត្តតាកែវ បានប្រកាច់ធ្លាក់ពីលើកៅអីដែលអង្គុយហើយសន្លប់បាត់ស្មារតី បង្កការភ្ញាក់ផ្អើល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលបានស្លាប់បាត់ទៅហើយ ។

ទន្ទឹមនឹងការស្លាប់នេះ ប្រជាពលរដ្ឋបានលើកឡើងបែបអបិយជំនឿថា ជាបារមី លោកយាយបង្គោលកីស្រីម៉ៅ ដែលអ្នកភូមិនៅទីនោះ គោរព និងអុជធូប បន់ស្រន់។

សូមបញ្ជាក់ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មី និងអង្គភាពយោធាK88នេះ ខាងក្រុមទាហានការអង្គភាពការ k88 អះអាងថាជាដីរបស់អង្គភាព។ ចំណែកពលរដ្ឋអះអាងថាគឺជាដីរបស់គាត់កាន់កាប់តាំងពីឆ្នាំ១៩៨២ ៕