សាហាវណាស់! បុករះរថយន្តនិងម៉ូតូសរុបចំនួន៥គ្រឿង ខ្លះក្រឡាប់ ខ្លះទៀតផ្លោងចូលព្រៃ បណ្តាលឲ្យមនុស្សច្រើននាក់របួស
ព័ត៌មាន
23.8K

កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត២គ្រឿងបានបុកគ្នា ហើយខ្ទាតមួយគ្រឿង រេចង្កូតមកបុករះរថយន្តនិងម៉ូតូ សរុបចំនួន៣គ្រឿងទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងខ្លះទៀតផ្លោងចូលព្រៃ បណ្តាលឲ្យមនុស្សចំនួន៥នាក់ក្នុងនោះមានព្រះសង្ឃ២អង្គ របួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៥និង១០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយមានរថយន្តមួយគ្រឿងម៉ាក TOYOTA 4RUNNEr DREAM ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-5299 បើកបរក្នុងទិសដៅពីកើតទៅលិច ដោយឈ្មោះ ឈុំ កម្សាន្ត ភេទប្រុស អាយុ ២៦ឆ្នាំ។ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងវ៉ាជែងម៉ូតូ១គ្រឿង និងរថយន្តធំ ២គ្រឿង ដែលកំពុងបើកបរនៅខាងមុខ ហើយក៏ជ្រុលចូលទៅក្នុងផ្លូវនៃយានផ្ទុយទិស បុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌សលាយបៃតង ពាក់ស្លាកលេខ តាកែវ 3A-2529 ហើយរថយន្តម៉ាក 4RUNNER នោះ ក៏រេចង្កូតមកទទឹងផ្លូវរបស់ខ្លួនវិញ បណ្តាលឲ្យរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2446 បើកបរដោយឈ្មោះ ឌី វុត្ថា ភេទប្រុស អាយុ ៣១ឆ្នាំ ជាន់ហ្វ្រាំងមិនទាន់បុករថយន្តនោះក្រឡាប់លើទ្រូងផ្លូវ រីឯរថយន្តម៉ាក HYUNDAI ពណ៌សលាយបៃតង ពាក់ស្លាកលេខ តាកែវ 3A-2529 ក៏រេចង្កូតមកឆ្វេងដៃបុករះ រថយន្តនិងម៉ូតូជាច្រើនគ្រឿងទៀត រួមមាន៖

ទី១: រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2823 បើកបរដោយឈ្មោះ ស៊ិន យឿង ភេទប្រុស អាយុ ៦០ឆ្នាំ។

ទី២: ម៉ូតូម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-9456 បើកបរដោយឈ្មោះ នង វៃ ភេទប្រុស អាយុ ៤៨ឆ្នាំ របួសធ្ងន់បាក់ជើងឆ្វេង និងអ្នករួមដំណើរព្រះសង្ឃព្រះនាម សៅ ឡូញ ព្រះជន្ម ៧០ព្រះវស្សា គង់នៅវត្តដងទង់ រងរបួសធ្ងន់បាក់ដៃឆ្វេង។

ទី៣: រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0150 បើកបរដោយឈ្មោះ ម៉ាន យ៉េប ភេទប្រុស អាយុ ២៧ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ អែល យ៉ុម ភេទស្រី អាយុ ៦១ឆ្នាំ រងរបួសស្រាល។

ក្នុងនោះតាមសេចក្តីសន្និដ្ឋាន៖ ករណីខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក TOYOTA 4RUNNER ពាក់ស្លាកលេខ ភ្នំពេញ 2F-5299 ឈ្មោះ ឈុំ កម្សាន្ត បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង យកវត្ថុតាង ទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងបញ្ជូនអ្នករបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យផងដែរ៕