ចាប់ខ្លួនមេខ្លោង​​ជួញដូរគ្រឿងញៀន២នាក់ប្តីប្រពន្ធ ទើបតែចេញពីគុកថ្មីៗ បញ្ជូនចូលគុកវិញម្តងទៀត​
ព័ត៌មាន
3.19K

​រាជធានីភ្នំពេញ​៖ កម្លាំងសន្តិសុខ សហការជាមួយកម្លាំងជំនាញ ប៉ុស្តិ៍និងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀន ២នាក់ប្ដីប្រពន្ធដែលជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន​៥កញ្ចប់ធំ ដែលនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​។

ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចផ្ទះល្វែងជួល ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី​១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

​តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ប៉ិច ប៊ុនសេង ហៅម៉ាប់ អាយុ៣០ ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀនចាស់ ដែលទើបតែចេញពីពន្ធនាគារកាលពីថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០១៩​ និប្រពន្ធឈ្មោះ សុខ ធាវី អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះល្វែងជួល​កន្លែងកើតហេតុ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា បន្ទាប់ពីទទួលបានករណីជួញដូរគ្រឿងញៀនខាងលើនេះ លោកបានបញ្ជាកម្លាំងជំនាញធ្វើការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេល ៦ ថ្ងៃទើបកំណត់មុខសញ្ញាច្បាស់លាស់រួចក៏ឈានដល់បើកប្រតិបត្តិការចុះបង្ក្រាបភ្លាមតែម្ដងដោយ កម្លាំងសន្តិសុខ សហការជាមួយកម្លាំងជំនាញ ប៉ុស្តិ៍និងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានធ្វើការចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន ២នាក់ប្ដីប្រពន្ធនឹងធ្វើការដកហូតថ្នាំញៀនចំនួន ៥កញ្ចប់ធំផងដែរ។

លោកអធិការរូបនេះបានបន្តទៀតថា មុខរបរច្រើនណាស់ដែលយើងត្រូវរក យើងមិនត្រូវប្រកបមុខរបរណាដែលប៉ះពាល់ទៅដល់សង្គម និងមុខរបរខុសច្បាប់នោះឡើយ យើងត្រូវជៀសឲ្យឆ្ងាយ សូមកុំប៉ះពាល់គ្រឿងញៀន ត្រូវនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបានបំផ្លាញសង្គម បំផ្លាញជាតិបំផ្លាញធនធានមនុស្ស ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រទេសជាតិយើង ។

​បច្ចុប្បន្ន ជនសង្ស័យរួមទាំងគ្រឿងញៀន ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញគ្រឿងញៀននៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់តាមផ្លូវច្បាប់៕