ក្រុម​ហ៊ុន​ នភាល័យ ​ធ្វើ​ពិធី​ក្រុងពាលី​សម្រាប់​ការ​ប្រគំតន្រ្តី​ «សង្ឃឹម​ថ្ងៃមួយ» ដើម្បី​លើក​ស្ទួយសិល្បៈវប្បធម៌ខ្មែរ​
ព័ត៌មាន
1.85K

ភ្នំពេញ​៖ ក្រុមហ៊ុន​ នភាល័យ​ ធ្វើ​ពិធីសំពះគ្រូរបាំ គ្រូល្ខោន និងពិធីក្រុងពាលី សម្រាប់​​ការ​ចាប់​ផ្តើម​នៃ​ការ​រៀប​ចំ​កម្ម​វិធីសម្តែង​សិល្បៈ និង​ចម្រៀង​​ «សង្ឃឹម​ថ្ងៃ​មួយ​»​​ ក្នុង​ន័យ​លើក​កម្ពស់​និង​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ ​​ នៅ​ថ្ងៃ​ទី 09​ ខែ​កក្កដា​ ឆ្នាំ2019 ក្នុង​បុរី​ជីប​ ម៉ុង​លែន​​ ជាមួយ​នឹង​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្តម ព្រឿង ឈៀង ទីព្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ​និង​សិល្បករ​ខ្មែរ​ទាំង​ជំនាន់​មុន​និង​ជំនាន់​ក្រោយ​​។​

កម្ម​វិធី​ក្រុង​ពាលី​​សម្រាប់​កម្ម​វិធីសម្តែង​សិល្បៈ និង​ចម្រៀង «សង្ឃឹម​ថ្ងៃ​មួយ​»​​ នេះ​ ​​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ ពីរ​លើក ដោយ​លើក​ទីមួយ​គឺ​ការ​ប្រារព្ធ​​ពិធី​ក្រុង​ពាលីនៅ​ថ្ងៃនេះ​​ក្នុង​បុរីជីប ម៉ុងលែន​​ គេហដ្ឋាន​របស់​ប្រធាន​ក្រុម​ហ៊ុន​ នភាល័យ​ផ្ទាល់ និង​លើក​ទីពីរ​នៅ​ថ្ងៃទី18 ខែ​កក្កដា ឆ្នាំ2019 នៅ​សាលមហោស្រព​​ចតុមុខ​​។

លោក​ សែជូ ​សេរី​វឌ្ឍនា​ ដែល​ជា​ប្រធាន​​ក្រុម​ហ៊ុន នភាល័យ​​បាន​ឲ្យ​ដឹង​ថា​៖ ទាំង​ការ​ប្រារព្ធ​កម្មវិធី​ក្រុងពាលីធំៗទាំង​ពីរ​លើក​ និង​កម្ម​វិធីសម្តែង​សិល្បៈ និង​ចម្រៀង​ «សង្ឃឹម​ថ្ងៃ​មួយ​»​​ គឺជា​ការ​ចូល​រួម​ចំណែក​ក្នុង​សង្គម​ក្នុង​ការ​អភិរក្សនិង​អភិវឌ្ឍវិស័យ​សិល្បៈ​វប្បធម៌ជាតិខ្មែរ​​ឲ្យ​​​មាន​ជីវិត​រស់​រវើក​ ​តាម​រយៈ​ការ​ផ្តល់​ឱកាស​ដល់​​សិល្បករ សិល្បការិនី ដែល​ជា​មរតកមនុស្ស​រស់​ ក៏​ដូចជា​សិល្បករ​វ័យ​ក្មេង​​ឲ្យ​បាន​ចូល​រួម​កាន់​តែ​សកម្ម​ថែម​ទៀត​។​

លោក​បាន​ឲ្យដឹងថា​៖ «ដោយ​មាន​ការ​គាំទ្រពី​រាជ​រដ្ឋាភិបាល​ ​ជាពិសេស​​ក្រសួង​​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ដែល​បាន​អនុញ្ញាតិ ​និង​លើក​ទឹក​ចិត្ត​ចំពោះ​ការ​រៀប​ចំកម្មវិធី​ទាំង​នេះ​ឡើង ពួក​យើង​ជឿជាក់​ថា​ កម្ម​វិធី​សម្តែង​សិល្បៈ​និង​ចម្រៀង​​ជា​សាធារណៈ​នៅ​ថ្ងៃទី28 ខែ​សីហា​ ឆ្នាំ​2019 ខាង​មុខ​នេះ​ នឹង​ជួយថែរក្សា​អត្តសញ្ញាណ​វប្បធម៌ជាតិ​ឲ្យ​បាន​គង់​វង្ស និង​រក្សាមរតក​ទាំង​នោះ​ទៅ​អ្នក​ជំនាន់​ក្រោយ ជាពិសេស​អាច​​ផ្សព្វ​ផ្សាយ​ អប់​រំ​សិល្បៈ​វប្បធម៌ខ្មែរ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ដល់​សាធារណជន»​។​

កម្ម​វិធី​សម្តែង​សិល្បៈ​និង​ចម្រៀង​​ជា​សាធារណៈ «សង្ឃឹម​ថ្ងៃ​មួយ​»​​ នាពេល​ខាង​មុខ​នេះ នឹង​មាន​ការ​ចូល​រួម​យ៉ាង​ផុស​ផុល​ពី​សំណាក់​សិល្បករ សិល្បការិនី​ទាំង​ជំនាន់​មុននិង​ជំនាន់​ក្រោយ​ដោយធ្វើ​ការ​សម្តែង​សិល្បៈ​ជា​ច្រើន​មុខ​ដូច​ជាចម្រៀង​មរតក​ជំនាន់​ដើម​ ​របាំប្រពៃណីជាតិ​ ល្ខោន​ខោល​ និង​អាយ៉ៃ​ជា​ដើម​។

គួរ​បញ្ជាក់​ដែរ​ថា​ ក្រុម​ហ៊ុន​ នភាល័យ ​គឺជា​ក្រុម​ហ៊ុន​មួយក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង​បី​ ​ រួម​មាន​​ក្រុម​ហ៊ុន​ ឡាក់វ៉ា​ ឌីហ្សាញ​ ព្រីនធីង​ អេន​ អេតវើ​ថាយស៊ីង និង​ក្រុម​ហ៊ុន​ ពលវ:​ អ៊ីមផត​ អ៊ិចផត​ ខូអិលធីឌី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​យុវជន​ខ្មែរ​បី​រូប រួម​មាន​ លោក​សែជូ សេរីវឌ្ឍនា លោក​ជីវ៉ា និង​លោក​ហេង​ ច័ន្ទណារ៉េត​​ ដើម្បី​​ធ្វើ​ការ​សិក្សា​និង​បង្ហាញ​ពី​រថយន្ត​គ្រប់​ប្រភេទ​​តាម​រយៈវីដេអូ​​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក៕