ចោរមួយក្រុម ប្រើល្បិចលួចលុយក្នុងទីតាំងវីង «វណ្ណា ស្រីល័ក្ខ » យកលុយអស់២០លាន​រៀល គេចខ្លួនបាត់ដោយសុវត្ថិភាព
ព័ត៌មាន
1.96K

ព្រៃវែង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពលួចយកលុយពីក្នុងទីតាំងវីង មួយកន្លែង យកប្រាក់អស់២០លានរៀល រួចគេចខ្លួនបាត់ស្រមោលអស់តែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ចំណុចទីតាំងវីង យីហោ វណ្ណា ស្រីល័ក្ខ ក្នុងភូមិកំចាយមារ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ៤នាក់ ក្នុងនោះមានស្រីម្នាក់ ជិះម៉ូតូ២គ្រឿង មកធ្វើជាទិញដូង ពេលនោះម្ចាស់ផ្ទះកំពុងរវល់នៅខាងក្រោយផ្ទះ​តែមានអ៊ុំស្រីម្នាក់ អង្គុយចាំលក់ឲ្យ ឃើញដូចនោះជនសង្ស័យម្នាក់បានថា ទុកឲ្យគេកាប់ ចំណែកបក្ខពួកផ្សេងទៀតធ្វើជាបបួលអ៊ុំស្រីនិយាយ ចំណែក​ជនសង្ស័យផ្សេងទៀតបានដើរចូលទៅខាងក្នុងផ្ទះលួចយកលុយដែលម្ចាស់ផ្ទះទើបតែយកមកដាក់ក្នុងទូឈើចំនួន២០លានរៀល ដាក់ក្នុងស្បោងខ្មៅ ប្រញាប់ឡើងម៉ូតូរត់គេចខ្លួន ត្រូវបានបងប្អូនសាច់ញាតិជនរងគ្រោះឃើញដែរប្រញាប់ស្រែកឆោឡោធ្វើឲ្យក្រុមបក្ខពួកជនសង្ស័យទាំងនោះភ័យប្រញាប់រត់អស់តែម្តង តែចាប់មិនបាននោះទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចម្រុះបានចុះមកធ្វើការសាកសួរដល់កន្លែងកើតហេតុ និងឆែកមើលកាមេរ៉ាសុវត្ថិ តែពេលធ្វើសកម្មភាពនោះ ជនសង្ស័យបានដកខ្សែកាមេរ៉ាបាត់ថតមិនជាប់ ជាប់តែពេលធ្វើសកម្មភាពនៅមុខកន្លែងវីងតែប៉ុណ្ណោះ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕