ប្តីទម្លាយខ្ទេចថាប្រពន្ធមានប្រុសថ្មី តាមទាន់ថតរូបឱបគ្នា ហើយប្រពន្ធអ្នកវាយមកលើប្តីមុន ទើបប្តីការពារខ្លួនជ្រុលដាក់មួយដៃចំមុខរបួសបែបនេះ!!! (មានវីដេអូ)
ព័ត៌មាន
26.2K

ភ្នំពេញ៖ ក្រោយមានករណី បុរសម្នាក់ បានវាយប្រពន្ធរបួសពេញមុខហូរឈាម ត្រូវគេបង្ហោះផ្អើលពេញ Facebook ព្រោះតែគ្មានលុយទៅមន្ទីរពេទ្យ រហូតផ្អើលដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសស្វែងរកស្ត្រីរងគ្រោះ​ដើម្បីសាកសួរ និងរកយុត្តិធម៌ជូនគាត់តាមច្បាប់ ពេលនេះបុរសជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ នៅថ្ងៃត្រង់ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ មានការShareកក្រើកបណ្តាញសង្គម ដោយស្ត្រីម្នាក់ ឈ្មោះ លីណា ត្រូវបានប្តីវាយ និងយកកាំបិតមកឆូតមុខទៀត រស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេ ព្រោះប្តីប្រមូលយកលុយនិងទូរសព្ទអស់ហើយ ត្រូវបានគេជួយថវិកាបន្តិចបន្តួចយកទៅព្យាបាលរបួសនោះ ហើយ ក្រោយមកក៏ត្រូវបាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះទាំងស្រុងថា ៖ បន្ទាប់ពីបានឃើញព័ត៌មានចុះផ្សាយនៅលើបណ្តាញសង្គមរួចមក​ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនរងគ្រោះ ដើម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ។ បើបងប្អូនប្រជាពលរដ្ឋបានស្គាល់ជនរងគ្រោះ សូមជួយប្រាប់ពីអាស័យដ្ឋានគាត់ផង ដើម្បីឲ្យសមត្ថកិច្ចជួយគាត់លើកិច្ចការនេះ ។

លុះនៅថ្ងៃត្រង់ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ ក៏ចុះទៅឃាត់ខ្លួនតែម្តង ដើម្បីកសាងសំណុំរឿងចាត់ការផ្លូវច្បាប់បន្តទៀត។

ក្នុងនោះបុរសជាប្តីដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ បានបកស្រាយថា « រឿងហេតុដែលជ្រុលដៃដាក់ប្រពន្ធមួយដៃចំមុខបណ្តាលឲ្យរបួសនោះ គឺដំបូងឡើយមកពីខ្លួនតាមទាន់ឃើញប្រពន្ធលយចក្បត់ចិត្ត ថតរូបឱបគ្នាជាមួយនឹងប្រុសថ្មី ទាំងដែលមានប្តីនិងកូនរួចទៅហើយ ដល់ពេលខ្លួនជាប្តីដេញដោលនិងនិយាយណែនាំ ប្រពន្ធក៏ខឹងហើយប្រើហិង្សាមកលើគាត់មុន ទើបគាត់ជាប្តីការពារខ្លួន ក៏ជ្រុលមួយដៃចំមុខប្រពន្ធរបួសបែបនេះតែម្តង។ ចំណែករឿងដែលថាគាត់ជាប្តីចង់យកកាំបិតមកឆូតមុខនោះ គឺមិនពិតនោះទេ នាងជាប្រពន្ធពន្លើសទាំងអស់ ហើយកន្លងមកដែលធ្លាប់មានរឿងនឹងគ្នា ក៏មិនមែនគាត់ជាប្តីវាយប្រពន្ធមុនដែរ ឬប្រពន្ធវាយមកលើគាត់មុន គាត់គ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ បើមិនជឿ មានម្តាយនិងប្អូនស្រីអាចធ្វើសាក្សីបាន »។

ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះករណីនេះជាករណីហិង្សា បណ្តាលឲ្យមានរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕