OPPO លេងម៉ាក្បាច់ផ្អើលព្រឹត្តិការណ៍ MWC នៅសៀងហៃ!
បច្ចេកវិទ្យា
1.82K

​មិនមែនចេះតែអួតនោះទេ វាបានក្លាយជាការពិតហើយសម្រាប់បច្ចេកវិទ្យាថ្មីដែល OPPO បានបំពាក់កាមេរ៉ាបង្កប់ក្រោមអេក្រង់ USC “Under Screen Camera” និង បច្ចេកវិទ្យាមួយទៀតដែលមានឈ្មោះថា “MeshTalk” ដែលអនុញ្ញាតឲ្យ ស្មាតហ្វូនរបស់ OPPO អាចធ្វើការ ហៅទូរស័ព្ទចេញ និងលេងឆាតទំនាក់ទំនងជាមួយគ្នាបានដោយមិនចាំបាច់ ប្រើប្រាស់ WI-FI, Bluetooth ឬអ៊ីនធឺណិត Sim Card ឡើយ ដោយគ្រាន់តែវាតម្រូវឲ្យស្មាតហ្វូនទាំងអស់នោះ ស្ថិតក្នុងចម្ងាយពីគ្នាចំនួន 3 គីឡូម៉ែត្រ ឬអាចឆ្ងាយជាងនេះ ទោះបើជាលោកអ្នកស្ថិតក្នុងស្ថានភាពក្នុងចំណោមមនុស្យកាន់តែច្រើន បច្ចេកវិទ្យានេះនៅតែអាចដំណើរការបានល្អ ដែលទាំងអស់នេះគឺជាភាពច្នៃប្រឌិតថ្មី ដែលបានដាក់បង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍ MWC Shanghai ឆ្នាំ 2019 នៅប្រទេសចិន។ បច្ចេកវិទ្យាថ្មីរបស់ OPPO នៅពេលនោះ ត្រូវបានមហាជន និង ក្រុមអ្នកសារព័ត៌មានក្នុងស្រុក និង អន្តរជាតិ ចោមរោមសង្កេតមើលយ៉ាងយកចិត្តទុកដាក់។ 

ក្នុងឱកាសនោះដែរ លោក Qiao Jiadong ជាប្រធានផ្នែកផលិតផលិតផលរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ឬ (Product Manager) បាននិយាយថា ក្រុមហ៊ុន OPPO បានប្តេជ្ញាចិត្តចំពោះការបង្កើននូវគំនិតច្នៃប្រឌិតផលិតផលថ្មីៗ និងជម្រុញបច្ចេកវិទ្យាទំនើបៗ ដែលអាចបង្កើតទៅជាបទពិសោធន៏កាន់តែទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទស្មាត ហ្វូន ។ លោកបានបញ្ជាក់ថា “បច្ចេកវិទ្យា USC និង MeshTalk គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ OPPO នាពេលអនាគត ដែលយើងសង្ឃឹមថា វានឹងក្លាយទៅជាការចូលរួមចណែកក្នុងការលើកកម្ពស់ភាពវិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាដ៏ទំនើបចាប់ពីចំណុចសូន្យឡើងទៅ។ ហើយពួកយើងក៏បានចាត់ទុកថាការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗរបស់ពួកយើងគឺជាមធ្យោបាយដ៏ល្អដើម្បីសម្រេចក្តីស្រម៉ៃដែលគ្មានដែនកំណត់គ្រប់សេនារីយ៉ូទាំង អស់ ” ។ 

ការបង្ហាញនូវបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ជាលើកដំបូងដែលមើលទៅគ្មានរន្ធឆក គ្មានអេក្រង់ដំណក់ទឹក គ្មានកាមេរ៉ាហូតចេញចុះឡើង គឺលាតពេញស្អាតតែម្តង ប្រៀបបានទៅនឹងការចូលរួមដោះស្រាយបញ្ហាជាច្រើន ដែលធ្លាប់ជារបាំងភ្នែកនៅលើអេក្រង់របស់អ្នកនិយមប្រើប្រាស់ស្មាតហ្វូន ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេថាកាមេរ៉ាបង្កប់ក្រោមអេក្រង់មួយនេះ នឹងត្រូវបំពាក់នៅលើទូរស័ព្ទម៉ូឌែលណានៅឡើយនោះទេ! ហើយវាអាចនឹងមកទីផ្សារស្រុកខ្មែរឬអត់? ដូច្នេះមានតែចាំអ៊ុតមើលទាំងអស់គ្នានៅពេលក្រោយទៀត ៕ https://youtu.be/BHO3ZwvWU24  https://youtu.be/sicqWXX26fM