អតីតតារាល្បី២រូប ផ្ទុះរឿងកម្សត់ ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ
កម្សាន្ត
1.25K

ភ្នំពេញ៖ អតីតតារាចម្រៀង លោក បូ វិចិត្រ និងលោក សែម សង្វាត ដែលបានបាត់មុខេពីសីល្បៈអស់រយៈពេលជាយូរ ស្រាប់តែលេចមុខជាថ្មីជាមួយនឹងរូបរាងកម្សត់ គួរឲ្យអាសូ បានទាញចិត្តទស្សនិកជនជាច្រើនកើតចិត្តអាណិតពួកគាត់គ្រប់គ្នា។

​ក្នុងនោះ លោក សែម សង្វាត់ ដែលជាអតីតសមាជិកក្រុម EV Band រួមជាមួយ អ្នកនាង យក់ ឋិតរដ្ឋា លោក បូរ វិចិត្រ អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឃុំ ប៉ុណ្ណាដែត។ ជាង១៥ឆ្នាំហើយដែលខ្សែជីវិតអភព្វរបស់អតីតតារាចម្រៀង សែម សង្វាត ទើបនឹងត្រូវបានទម្លាយជាមួយនឹងរូបរាងស្គមស្គាំងមានជំងឺប្រចាំកាយគួរឲ្យអាសូ ក្រោយពីដឹងថាលោកមានជំងឺសាច់ច្រមុះ ជាយូរមកហើយ មកដល់ពេលនេះ វានៅតែធ្វើទុក្ខជាប្រចាំ។ ចំណែកក្រពះ និងពោះវៀន ក៏រលាកខ្លាំងធ្ងន់ធ្ងរ ថែមទាំងមានជំងឺថ្លើម ចូលដល់ដំណាក់កាលក្រិន និងមានទឹកដក់ក្នុងពោះទៀតផង ជាហេតុធ្វើឲ្យរូបលោក កាន់តែស្គមរីងរៃ គ្មានសាច់គ្មានឈាមនឹងគេសោះ។

លោក សែម សង្វាត់ បានលើកឡើងថា ក្រោយពីបញ្ចប់ជីវិតជាតារាចម្រៀង នៅឆ្នាំ ២០០៤ លោក បានចាប់ផ្ដើមជីវិតគ្រួសារដោយរៀបការជាមួយនារីម្នាក់ និង ចាប់ដៃគ្នាបង្កើតមុខរបររកស៊ី នៅឯក្រុងប៉ោយប៉ែត ប៉ុន្តែការរកស៊ីរបស់លោក ហាក់ដូចជាមិនរលូនទៅមុខសោះ ចេះតែខាតបង់ប្រាក់ ទើបត្រឡប់មកភ្នំពេញវិញ កាលពីកំឡុងឆ្នាំ ២០១៥ ក្រោយពីបែកបាក់ជាមួយគ្រួសារ បន្សល់ទុកតែកូនប្រុស ៣នាក់ ម្ដាយចាស់ជរាម្នាក់ និងបងស្រីជីដូនមួយម្នាក់ ស្ថិតនៅក្នុងបន្ទុក ដែលលោកត្រូវចិញ្ចឹមបីបាច់ មើលថែតែម្នាក់ឯង។ លោកជួបប្រទះនឹងការលំបាកច្រើនព្រោះតែជំងឺប្រចាំកាយធ្វើទុក្ខ ខណៈដែលកូនៗសុទ្ធតែស្ថិតក្នុងវ័យសិក្សា។ កូនប្រុសច្បងរបស់លោក ឆ្នាំនេះចូលរៀនថ្នាក់សាកលវិទ្យាល័យហើយ ចំណែកកូនទី ២ និងទី៣ ក៏សុទ្ធតែស្ថិតក្នុងវ័យ ត្រូវបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ និងភាសាបរទេស។

ចំណែក លោក បូ វិចិត្រ អតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីស្ទឹងសង្កែ ម្ចាស់បទប៊ិះស៊យឯណោះ វិញក៏កំពុងធ្លាក់ក្នុងជីវភាពក្រលំបាក ថែមទាំងមានបញ្ហាការចងចាំថែមទៀត បន្ទាប់ពីបានជួបនៅគ្រោះថ្នាក់ចរាចរណ៍។ អតីតតារា​ចម្រៀង​កូន​ចិនរូបនេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ មក​ធ្វើ​ជា​អ្នក​រយែ​ឡាន​ឲ្យ​គេ​នៅ​ម្ដុំ​ផ្សារ​ស៊ីលិប ក្នុង​សភាព​គួរ​ឲ្យ​សង្វេគ ត្បិត​ថា ស្មារតី​អតីត​តារា​ចម្រៀង​ហាក់​មាន​ភាព​មិន​ប្រក្រតី ផងដែរ៕