សម្តេចតេជោ ហ៊ុន សែន៖ ថវិកាដែលខ្ញុំអំពាវនាវសុំសប្បុរសជនជួយឧបត្ថម្ភបន្ថែម មកដល់ម៉ោង១២ថ្ងៃ២៥មិថុនានេះ ទឹកប្រាក់គិតជាដុល្លារចំនួន 2,198,400 ដុល្លារអាមេរិក
ព័ត៌មាន
9.91K

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះមុននេះបន្តិច ទាំងស្រុងថា ៖

«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការណ៍បាក់អាគារកំពស់៧ជាន់នៅខេត្ត ព្រះសីហនុដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់របួស ២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការៈនិងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា។ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុរសជនជួយឧបត្ថម្ភបន្ថែមដែល មកដល់ម៉ោង១២ថ្ងៃ២៥មិថុនានេះទទួល ទឹកប្រាក់គិតជាដុល្លារ ចំនួន 2,198,400 ដុល្លារអាមេរិក។ ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារ សម្រាប់២៤នាក់​ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ ម៉ឺនដុល្លា។

សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។ ថវិកានៅសល់ 1,898,400 ដុល្លារត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន 67,800ដុល្លារនេះ មិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។ លោកសេង ទៀងនាយករងខុទ្ទកាល័យ របស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធនាគារដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។ ជាថ្មីម្តងទៀតសូមអរគុណ និងកោតសរសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តី អាណិតស្រឡាញ់ចំពោះជនរងគ្រោះ ក្នុងឋានៈជាជនរួមឈាមដូចគ្នា។

សូមអរគុណផងដែរដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)»