លោក យន្ត មីន បង្ហោះសារមួយសម្តែងនូវការសោកស្តាយនិងសុំអភ័យទោស ក្រោយពីសុំលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ
ព័ត៌មាន
13.5K

ភ្នំពេញ៖ យោងតាមគណនី Facebook ផេកផ្លូវការ របស់លោក យន្ត មីន បានបង្ហោះនៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះថា លោកសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ បើការដឹកនាំកន្លងមកមានការខុសឆ្គងដោយប្រការណាមួយនោះ ដោយមានខ្លឹមសារទាំងស្រុងថា « ក្នុងឧបទ្ទវហេតុរលំអគារ៧ជាន់ក្នុងក្រុងព្រះសីហនុនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងសុំការអភ័ទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាការទទួលខុសត្រូវក្នុងឧប្បវហេតុនេះ ខ្ញុំបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីលាលែងពីតំណែងរួចហើយ ហើយសម្តេចក៏បានផ្តល់ការយល់ព្រមផងដែរ។

ខ្ញុំបាទ និងភរិយាសុំអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបាទ អោយមានឱកាសចូលរួមបំរើប្រជាពលរដ្ឋកន្លងមកនេះ។

សូមអរគុណចំពោះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ការទុកចិត្ត និងចង្អុលបង្ហាញដឹកនាំការងារកន្លងមក និងសូមអរគុណចំពោះសម្តេច ឯឧ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រៀមច្បង ក៏ដូចជាមិត្តភ ដែលតែងតែផ្តល់នូវការណែនាំ យោបល់ និងសហការការងារប្រកបដោយមនោសញ្ចេតនា និងការយោគយល់បំផុតដល់ខ្ញុំបាទ។

ជាមួយនេះ ខ្ញុំបាទសុំការអភ័យទោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម សម្តេច ឯឧ លោកជំទាវ ចំពោះកង្វះខាតនៃការបំពេញភារៈកិច្ចរបស់ខ្ញុំបាទកន្លងមកនេះ។

ខ្ញុំសុំការអភ័យទោស និងការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះកង្វះខាតរបស់ខ្ញុំកន្លងមក ត្បិតអីខ្ញុំបានខំប្រឹងអស់ពីលទ្ធភាពហើយ។

តែទោះបីជាបែបណា ខ្ញុំនៅតែបន្តសកម្មភាពជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុនេះរហូតដល់ចប់៕