កាស៊ីណូ«ឡាក់ គី»​ ទីតាំងបងតូចបងធំ លក់និងសេពគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាបបាន ឃាត់ខ្លួនមនុស្ស២៣នាក់!
ព័ត៌មាន
1.1K

បន្ទាយមានជ័យ៖ ថ្មីទៀតហើយ បន្ទាប់ពីអាវុធហត្ថចុះបង្ក្រាបករណីជួញដូរថ្នាំញៀន នៅក្នុងហាងខារ៉ាអូខេ AJR មិនទាន់បានប៉ុន្មានថ្ងៃផង កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទី ទីតាំងកាស៊ីណូ «ឡាក់ គី» ក្លាយជាកន្លែងជួញដូគ្រឿងញៀន ត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាប ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។

ការបង្រ្កាបករណីខាងលើ ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការរដ្ឋានននគរបាលក្រុងប៉ោយប៉ែត សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារ មាស ច័ន្ទពិសិដ្ឋ ឃាត់ខ្លួនជនជួញដូរ ម្នាក់ឈ្មោះ សុខ សៀងធី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ ។

វត្ថុតាងចាប់យក៖

-ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន៥៤គ្រាប់

-ម្សៅក្រមពណ៌សចំនួន០៥ថង់

-ម្សៅម៉ត់ចំនួន០១ថងតូច

-ទូបាញ់ត្រី០៨គ្រឿង

-ស្លុតហ្គេម១៤គ្រឿង

-ថ្នាំគ្រវី០១គ្រាប់

-ត្រួតពិនិត្យទឹកនោម នៅនឹងកន្លែង២២នាក់ ស្រី២នាក់ មានសារធាតុញៀន។

ការបង្ក្រាបនេះ ធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរការបង្រ្កាបក្រុមអ្នកប្រើសារធាតុញៀននៅចំណុចកាស៊ីណូ ឡាក់គី ព្រោះទីតាំងមួយនេះគឺជា បណ្តុំនៃក្រុមអ្នកញៀន តែងតែចេញចូលទៅជក់ជាប្រចាំមិនថា ពេលយប់ឫពេលថ្ងៃឡើយ ហើយពលរដ្ឋក៏សង្ឃឹមថា សមត្ថកិច្ចនឹងយកម្ចាស់ទីតាំង ឬអ្នកនៅពីក្រោយដែលនាំឲ្យមានល្បែងស៊ីសងបាញ់ត្រី និងជួញដូរចែកចាយសារធាតុញៀនទៅផ្តន្ទាទោសតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំងអស់នោះត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសួរនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា នៅចំណុចកាស៊ីណូឡាក់គីខាងលើនេះ ហាក់បីដូចជា មិនខ្លាចសមត្ថកិច្ចទាល់តែសោះ ជាកន្លែងអនាធិបតេយ្យ សំបូរទៅដោយក្មេងស្ទាវ បងតូច បងធំ កាប់ចាក់ ទោះកន្លងមកទាំងកម្លាំងអវុធហត្ថ និងកម្លាំងនគរបាល ធ្វើការបង្ក្រាបជាញឹកញាប់យ៉ាងណាក៏ដោយ តែធ្វើឲ្យពលរដ្ឋនូវតែមានការព្រួយប្រារម្ភ ពីសុវត្ថភាពសន្តិសុខរបស់ពួកគាត់ផងដែរ៕