Neymarចុកឈាម ក្រោយមេធំPSGថា គ្មានអ្នកណា​បង្ខំឲ្យ​Neymar​ផ្លាស់មក​PSG​ឡើយ

ក្លឹប Paris Saint-Germain បានដាក់លក់ខ្សែប្រយុទ្ធឆ្នើម Neymar នៅរដូវក្ដៅនេះ បើសិនជាត្រូវតម្លៃដែលក្លឹបចង់បាន។ នេះបើយោងតាមការរាយការណ៍ពីកាសែតបារាំង។

​យ៉ាងណាមិញ ក្លឹបយក្សនៅលីគកំពូលអេស្ប៉ាញ Real Madrid និង Barcelona ជាអ្នកដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា នាំយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកចូលរួម ខណៈអ្វីដែលបានកើតឡើងចំពោះNeymar នៅក្លឹបបារាំង ហាក់ខុសពីអ្វីដែលគេរំពឹងទុក។

គួរបញ្ជាក់ថា Neymar​មានកំណត់ត្រាល្អ ក្នុងការរកគ្រាប់បាល់នៅលីគ ដោយរកបាន​៣៤គ្រាប់ ក្នុងចំនោម ៣៧ប្រកួត ប៉ុន្ដែដោយសារបញ្ហារបួស ខ្សែប្រយុទ្ធរូបនេះ បានចូលរួមបានត្រឹមតែ ៥០% នៃចំនួនប្រកួតសរុបរបស់ PSG ប៉ុណ្ណោះចាប់តាំងពីផ្លាស់មកចូលរួមនៅរាជធានីនៃប្រទេសបារាំង។

ហើយមានបញ្ហាជាច្រើនបានកើតឡើង ដូចជាបញ្ហារបួស និង អាកប្បកិរិយាមិនល្អរបស់ ខ្សែប្រយុទ្ធថ្លៃជាងគេលើលោក បានធ្វើអោយប្រធានក្លឹប Nasser Al-Khelaifi ប្រើសដីធ្ងន់ៗទៅលើរូបគេ ដោយបាននិយាយថា​ គ្មានអ្នកណាបានបង្ខំអោយ Neymar ផ្លាស់មក PSG ឡើយ។

លោក Al-Khelaifi បាននិយាយថា៖ «ខ្ញុំចង់បានកីឡាករដែលមានឆន្ទៈផ្ដល់គ្រប់យ៉ាងដើម្បី ជាកិត្តិយសសម្រាប់អាវដែលគេពាក់ និង ចូលរួមគម្រោងរបស់ក្លឹប។ អ្នកដែលមិនចង់ធ្វើ ឬ មិនយល់ពីគម្រោងនេះ យើងបានជួបគ្នានិងនិយាយអំពីរឿងនេះ។​ ពិតណាស់ នៅមានកុងត្រារបស់គេ ដែលយើងត្រូវផ្ដល់ការគោរព ប៉ុន្ដែ​អ្វីដែលចាំបាច់គឺសមាជិកសរុបនៃគម្រោងនេះ។ គ្មាននរណាម្នាក់ បានបង្ខំគេអោយចូលរួមនៅទីនេះឡើយ។ គេមកទីនេះ ដើម្បីចូលរួមគម្រោងរបស់ពួកយើង»។​

ប្រភព៖ GiveMeSport, cambotrends